(សៀមរាប)៖ ថ្វីដ្បិតគេចចេញពីប្រវត្តិរបស់ប្រាសាទនានា ប៉ុន្តែសៀវភៅ «លើសពីអង្គរ» បានសរសេរច្រើនពីជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ សារសំខាន់របស់ព្រៃឈើ ទឹក គមនាគមន៍ គុណតម្លៃតំបន់រមណីយដ្ឋានអង្គរជាដើម ពោលគឺផ្ដល់ចំណេះដឹងលើសពីប្រាសាទ ហើយនាំឱ្យអ្នកអានដឹងបន្ថែមពីភាពអស្ចារ្យនៃអតីតកាលរបស់ខ្មែរ និងភាពស៉ីវិល័យនាពេលបច្ចុប្បន្ន នៅសៀមរាប-អង្គរ។
សូមជម្រាបថា សៀវភៅលើសពីអង្គរ ដែលជាស្នាដៃសហនិពន្ធរបស់សារព័ត៌មានឌីជីថលថ្មីៗនោះ ត្រូវបានសម្ពោធចេញផ្សាយជាផ្លូវការនាថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ នៅសណ្ឋាគារ Memoire Palace Resort & Spa ក្រុងសៀមរាប ក្នុងនោះនឹងមានការចូលរួមពីអាជ្ញាធរជាតិអប្សរា ក្លិបទេសចរណ៍ខេត្តសៀមរាប អង្គការ Aide et Action អង្គការ Sipar និងអ្នកនិយមអានសៀវភៅជាដើម។
លោក គី សុខលីម ស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ បានឱ្យដឹងថា កន្លងមក មានអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិច្រើនមកហើយ ដែលបានសរសេររៀបរាប់ពីប្រាសាទរាប់រយនៅក្នុងរមណីយដ្ឋានអង្គរ ពិសេសផ្ដោតលើប្រវត្តិកសាង អ្នកកសាង ឆ្នាំកសាង បុព្វហេតុ ឬការឧទ្ទិសចំពោះសាសនាជាដើម ប៉ុន្តែសៀវភៅលើសពីអង្គរ ដែលជាវណ្ណកម្មថ្មីមួយនេះហាក់គេចចេញពីប្រវត្តិរបស់ប្រាសាទបន្តិច តែបានសរសេរច្រើនពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ សារសំខាន់របស់ព្រៃឈើ ទឹក គមនាគមន៍ គុណតម្លៃតំបន់រមណីយដ្ឋានអង្គរជាដើម ពោលគឺផ្ដល់នូវចំណេះដឹងលើសពីប្រាសាទ នាំឱ្យអ្នកអានដឹងបន្ថែមពីភាពអស្ចារ្យនៃអតីតកាលរបស់អ្នកស្រុកខ្មែរ និងភាពស៉ីវិល័យនាពេលបច្ចុប្បន្ន នៅសៀមរាប-អង្គរ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានសម្ពោធចេញផ្សាយសៀវភៅ «លើសពីអង្គរ»៖