(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា ការយកចិត្តទុកដាក់ទៅលើបងប្អូនខ្មែរឥស្លាម និង បងប្អូនប្រកាន់យកសាសនាផ្សេងៗ គឺមានតាំងពីថ្នាក់ដឹកនាំកំពូល ដែលកាន់ព្រះពុទ្ធសាសនា រហូតដល់ថ្នាក់មូលដ្ឋាន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជាក់ស្តែង ដូចជាព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណីដល់សហគមន៍ចាម ដែលជាជនភៀសខ្លួន ដោយសារសង្គ្រាម បានមករស់នៅលើទឹកដីកម្ពុជា, បានរាជានុញ្ញាតដល់ជនជាតិចាម, ចូលរួមប្រយុទ្ធការពារទឹកដីកម្ពុជា ក្នុងសម័យអាណានិគមនិយមបារាំង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងសម័យអាណានិគមនិយមបារាំង បានប្រទាននាមដល់បងប្អូនជនជាតិភាគតិចាមថាជា «ខ្មែរឥស្លាម» នៅក្រោយទទួលបាន ឯករាជ្យពីបារាំងនាឆ្នាំ ១៩៥៣។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្ដថា ដោយព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគតិចចាម បានក្លាយជាពលរដ្ឋខ្មែរ, កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុក នូវអត្តសញ្ញាណដើមរបស់ពួកគេផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, សេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ។
សម្ដេចបានថ្លែងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន សហគមន៍ខ្មែរឥស្លាមមានការរីកចម្រើន និងមានសេរីភាពជំនឿសាសនា យ៉ាងពេញលេញ និងរាជរដ្ឋាភិបាល បានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាមឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរដ្ឋាភិបាល ក៏បានផ្ដល់ជូនសហគមន៍ខ្មែរឥស្លាម ដូចជា៖ ការរៀបចំអាហារស្រាយបួសរ៉ាម៉ាឌនប្រចាំឆ្នាំ តាំងពីឆ្នាំ ២០១៤ មក ដែលមានអ្នកចូលរួមទាំងភ្ញៀវ-ជាតិ និងអន្តរជាតិជាមធ្យម ប្រមាណ៥០០០នាក់ក្នុងមួយឆ្នាំ៕