(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប បានចេញលិខិតស្នើដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ នៃការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត មានវិធានការ និងអន្តរាគមន៍ដល់អង្គភាព នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋានឈរជើង ឬបំពេញបេសកកម្មនៅក្នុងរាជធានី ខេត្តទូទាំងប្រទេស ចាត់បែងឲ្យនគរបាលជាតិ និងយោធិន ទៅចុះឈ្មោះបោះឆ្នោត ដោយអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់បោះឆ្នោត។

យោងតាមលិខិតរបស់ គ.ជ.ប បានដឹងថា «គោរពជូនសម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា កន្លងមក គ.ជ.ប បានទទួលពាក្យបណ្តឹងមួយចំនួន ទាក់ទងនឹងការចេញលិខិតបញ្ជាក់ទីលំនៅ របស់អាជ្ញាធរឃុំ សង្កាត់ ឲ្យយោធិន នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប។ ការចេញលិខិតបញ្ជាក់ទីលំនៅ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ គ.ជ.បទេ ប៉ុន្តែក្រោយពីមានពាក្យបណ្តឹង គ.ជ.ប បានចុះអង្កេតស្វែងរកការពិត ហើយករណីនេះ គ.ជ.ប បានសរសេរលិខិតឆ្លើយតបទៅនឹងបណ្តឹង និងធ្វើលិខិតណែនាំរំលឹកក្រុមប្រឹក្សា ឃុំ សង្កាត់ ឲ្យរំលឹកអាជ្ញាធរ ឃុំ សង្កាត់អនុវត្តឲ្យបានត្រឹមត្រូវ»

គ.ជ.ប យល់ឃើញថា នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ឬសន្តិសុខបោះឆ្នោត ដែលត្រូវការសុំលិខិតបញ្ជាក់ទីលំនៅ សម្រាប់ការចុះឈ្មោះបោះឆ្នោត ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការ ចុះឈ្មោះបោះឆ្នោតមាន ៣ប្រភេទ៖

១.នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានឈរជើង ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំ សង្កាត់ ហើយដែលត្រូវសុំចុះឈ្មោះបោះឆ្នោត។

២.នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ឬសន្តិសុខបោះឆ្នោត បំពេញបេសកកម្មរយៈពេលយូររហូតដល់ថ្ងៃបោះឆ្នោតក្នុងឃុំ សង្កាត់។

៣.កម្លាំងសន្តិសុខបោះឆ្នោត ដែលត្រូវមានបេសកកម្មការពារសន្តិសុខ នៅថ្ងៃបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ក្នុងឃុំ សង្កាត់៕

សូមអានលិខិតស្នើសុំរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖