(រតនគិរី)៖ លោក ជាម សុខា អភិបាលរងស្រុកអណ្តូងមាស ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ រាល់ការដឹកជញ្ជូនកសិផលឆ្លងកាត់ «ស្ពានបេតុង តេជោ ហ៊ុនសែន» កម្រិតមិនឱ្យលើសទម្ងន់១៥តោន កម្ពស់៣,២ម៉ែត្រ ពោលគឺមិនបានយកលុយកម្រៃផ្សេងៗជាច្រើនដូចបណ្តាញសង្គមមួយចំនួនផ្សព្វផ្សាយនោះទេ។

លោក ជាម សុខា បានបន្តថា «ស្ពានបេតុង តេជោ ហ៊ុនសែន» ជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តភ្ជាប់ដងទន្លេសេសាន នៃស្រុកអណ្តូងមាស សម្រាប់បម្រើឱ្យប្រជាកសិករធ្វើដំណើរឆ្លងកាត់ ដឹកកសិផល និងទំនិញផ្សេងៗព្រោះតំបន់នេះមានក្រុមហ៊ុនកសិឧស្សាហកម្មដំណាំកៅស៊ូ,​ ដំណាំចេកជាច្រើនអាស្រ័យស្ពានខាងលើនេះ។ ការដឹកជញ្ជូននេះត្រូវសាងទំនិញពីគោយន្ត ពីរថយន្តធុនតូចឆ្លងកាត់ស្ពានលើកដាក់រថយន្តធុនធំបន្តទៀតពោលគឺមិនអនុញ្ញាតឱ្យដឹកលើសទម្ងន់នោះទេ។

លោក ជាម សុខា បានបញ្ជាក់ថា៖ «ស្ពានបេតុង តេជោ ហ៊ុនសែន» មានប្រវែង២៥២ម៉ែត្រ ជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់តភ្ជាប់ពីតំបន់ជនបទទៅប្រជុំជនរហូតដល់ប្រទេសវៀតណាមដោយឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតំបន់នេះឱ្យមានជីវភាពធូរធា បើមានការទារលុយពីថ្លៃដឹកកសិផល និងទំនិញផ្សេងៗដោយមធ្យោបាយពួកគាត់មិនលើសទម្ងន់១៥តោន ត្រូវរាយការណ៍មករដ្ឋបាលស្រុកជាបន្ទាន់។ ប៉ុន្តែមានករណីពិសេសដែលរដ្ឋបាលស្រុកអណ្តូងមាស អនុញ្ញាតដូចជាកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវដឹកគ្រឿងចក្រ និងសម្ភារផ្សេងៗឆ្លងកាត់ស្ពានខាងលើទៅសាងសង់ផ្លូវក្រវាត់ព្រំដែន និងការស្ថាបនាផ្លូវមូលនិធិឃុំ សង្កាត់ត្រូវដឹកគ្រឿងចក្រឆ្លងកាត់។

ដោយឡែកលោកស្រី កាក់ សុភី អ្នកកាន់សោបារ៉ាស់ស្ពាន នៅព្រឹកថ្ងៃដដែលប្រាប់ឱ្យដឹងថា មានពេលខ្លះប្រជាកសិករដឹកកសិផលនៅពេលយប់ទូរស័ព្ទហៅគាត់ឱ្យជួយចាក់សោប៉ារ៉ាស់ ដើម្បីដឹកកសិផលឆ្លងកាត់ ពួកគេឱ្យថ្លៃកាហ្វេ គុយទាវចំនួន៥ពាន់រៀល, យ៉ាងច្រើន១ម៉ឺនរៀល តាមមនោសញ្ចេតនា ប៉ុន្តែកសិផលផ្ទុកលើគោយន្ត, លើរថយន្តមិនលើសទម្ងន់ទេ ប្រសិនបើមើលទៅសំពីងសំពោងច្រើនឱ្យធ្វើលិខិតស្នើសុំទៅរដ្ឋបាលសាលាស្រុកអណ្តូងមាសជាមុនសិនជៀសវាងស្ពានបាក់ ស្រុតមានបញ្ហាកើតឡើងជាយថាហេតុ៕