(សៀមរាប)៖ មានកម្រាស់៣០០ទំព័រ សៀវភៅលើសពីអង្គរបានរំលេចនូវមាតិកាជាច្រើន ពាក់ព័ន្ធអត្ថប្រយោជន៍ព្រៃឈើនិងទឹកជួយជ្រោងប្រាសាទ បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗដែលកើតមានលើទឹកដីប្រាសាទដ៏មហស្ចារ្យនេះ ដែលសុទ្ធតែផ្ដល់នូវចំណេះដឹងលើសពីអ្វីដែលអ្នកបានដឹង។

សូមបង្ហាញនូវមាតិកាសំខាន់ៗនៅក្នុងសៀវភៅលើសពីអង្គរ ដែលជាវណ្ណកម្មថ្មីមួយទៀតរបស់សារព័ត៌មានឌីជីថលថ្មីៗ៖

នៅក្នុងជំពូក១ ដែលផ្ដោតសំខាន់ពាក់ព័ន្ធនឹងព្រៃឈើ ទឹក និងប្រាសាទ គឺមានមាតិកាដូចជា៖
១. សៀមរាប-អង្គរនាំយើងត្រឡប់ទៅកាន់អតីតកាលពាន់ឆ្នាំ និងបច្ចុប្បន្នកាលទំនើបទាន់សម័យ
២. ហេតុអ្វីប្រាសាទឥដ្ឋអាចឈរបានជាង១០០០ឆ្នាំមិនរលំ?
៣. ដើមឈើ និងប្រាសាទ ប្រៀបដូចរូបពីរជីវិតមួយ
៤. ប្រាសាទមេបុណ្យខាងលិចក្រោកឡើងវិញ ដោយខ្មែរ និងបារាំង
៥. ព្រៃអង្គរ
៦. ទឹកសាកអង្គរ
៧. ទីក្រុងហរិហរាល័យ៖ ដំណាក់កាលមួយនៃការកកើតក្រុងសម័យអង្គរ

នៅជំពូក២ មានសរសេរអំពីព្រែកជីក និងផ្លូវបុរាណ
១. អាថ៌កំបាំងព្រៃកជីកស្រមោច មុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
២. មធ្យោបាយដឹកជញ្ជូនថ្មសង់ប្រាសាទនៅតំបន់អង្គរ នៅតែជាចម្ងល់សម្រាប់អ្នកស្រាវជ្រាវ
៣. បណ្ដាញផ្លូវគមនាគមន៍សម័យចក្រភពខ្មែរទៅប្រាសាទភិមាយ
៤. ស្ទឹងសៀមរាប ប្រៀបដូចជាទន្លេគង្គារបស់ឥណ្ឌា

នៅជំពូក៣ គឺមានសរសេរអំពីជំនឿអ្នកស្រុកអង្គរ
១. កិច្ចចាប់ត្រីរបស់អ្នកស្រុកអង្គរមានអាយុរាប់រយពាន់ឆ្នាំ
២. «សុំទឹកភ្លៀង» ជាមរតកអរូបីរបស់អ្នកស្រុកអង្គរ
៣. កិច្ចសុំទឹកភ្លៀងមានបួនយ៉ាង
៤. ជំនឿពីអតីតកាលមកដល់បច្ចុប្បន្ន
៥. «បំបួសកុលបុត្រធីតា» ជាកិច្ចថ្មី ដើម្បីរក្សាទំនៀមបុរាណលើទឹកដីអង្គរ

នៅជំពូក៤ សរសេរពីគុណតម្លៃអង្គរ
១. ហេតុអ្វីបានជាគេចាំបាច់ត្រូវមកទស្សនាថ្ងៃរះ និងថ្ងៃលិចនៅតំបន់អង្គរ?
២. ហេតុអ្វីបានជាមាន «សមរាត្រី» នៅប្រាសាទអង្គរវត្ត?
៣. សំណង់អគារ «Grand Hotel D' Angkor» នៅសៀមរាប មានអាយុកាលជិត១០០ឆ្នាំ
៤. ក្រៅពីប្រាសាទ មានតំបន់ទេសចរណ៍ដ៏ទាក់ទាញច្រើនទៀតលើទឹកដីអង្គរ
៥. សំណង់ស្ថាបត្យកម្មទសវត្សរ៍៦០ រំលេចលើសណ្ឋាគារមេម៉រផាឡេស រីស៊ត និងស្ប៉ា

សូមជម្រាបថា សៀវភៅលើសពីអង្គរ ដែលជាស្នាដៃសហនិពន្ធរបស់សារព័ត៌មានឌីជីថលថ្មីៗនោះ ត្រូវបានសម្ពោធចេញផ្សាយជាផ្លូវការនាថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង៣៖៣០នាទីរសៀល នៅសណ្ឋាគារ Memoire Palace Resort & Spa ក្រុងសៀមរាប ក្នុងនោះនឹងមានការចូលរួមពីអាជ្ញាធរជាតិអប្សរា ក្លិបទេសចរណ៍ខេត្តសៀមរាប អង្គការ Aide et Action អង្គការ Sipar និងអ្នកនិយមអានសៀវភៅជាដើម៕