(ស្ទឹងត្រែង)៖ ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង១៥ពាន់៧៦០ម៉ែត្រ របស់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ពីចំនុចភូមិដំរីភុង ឃុំកោះសំពាយ ដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក គ្រោងនិងបញ្ចប់ការស្ថាបនារួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។
នាឱកាសនៃការចុះពិនិត្យផ្លូវមួយខ្សែនេះ ពីសំណាក់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងអមដំណើរជាមួយលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងក្រុមការងារ រដ្ឋបាលស្រុកសៀមបូក នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សមិទ្ធផលថ្មីបន្ថែមទៀត នឹងរួចរាល់នៅពេលខាងមុខ នោះគឺ គម្រោងសាងសង់ផ្លូវជនបទ ចាប់ពីចំណុចផ្លូវដំរីផុង-ផ្លូវត្បូងខ្លា ឆ្លងកាត់ឃុំចំនួន៣ រួមមាន៖ ឃុំស្រែក្រសាំង ឃុំកោះសំពាយ និងឃុំអូរម្រេះ ស្រុកសៀមបូក ដែលមានផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) និងផ្លូវបេតុង ប្រវែង ១៥,៧៥០ ម៉ែត្រ ក្នុងនោះ ផ្លូវកៅស៊ូប្រវែង ១១,៨០៥ម៉ែត្រ, ផ្លូវបេតុងប្រវែង ៣,៩៥០ម៉ែត្រ, ស្ពានបេតុង ២កន្លែង ,លូ ២២កន្លែង (ទោល ១៦កន្លែង, ភ្លោះ ៦កន្លែង, លូប្រអប់ ២កន្លែង)។
លទ្ធផលសម្រេចបាន៥៥% អនុវត្តដោយគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។
គោលដៅគម្រោងគឺ ដើម្បីកាត់បន្ថយភាពក្រីក្រនិងបង្កើនសន្តិសុខស្បៀង តាមរយ:ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងផ្នែកជំនាញ បច្ចេកវិទ្យា និងភាពជាសហក្រិនស្ថិតក្រោម «អភិក្រមកម្មវិធី» គម្រោងនេះអ្នកទទួលផលសំខាន់ៗរួមមាន៖ប្រជាពលរដ្ឋក្រីក្រជនបទ និងគ្រួសារងាយរងគ្រោះ យុវជន ស្រ្តី និងជនជាតិដើមភាគតិច។
ស្ថានភាពផ្លូវកំពុងសាងសង់ តភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ រហូតដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ជាប់ព្រំប្រទល់និងខេត្តក្រចេះ ជាចរន្តសរសៃឈាមសំរាប់ប្រជាពលរដ្ឋចរាចរ ដឹកទំនិញនានា យ៉ាងងាយស្រួល។ មួយវិញទៀត គឺប្រែក្លាយទៅជាតំបន់ដែលមានការទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកដំណើរ កំសាន្ត ទស្សនា គយគន់តាមដងទន្លេមេគង្គ ជាតំបន់ទេសចរធម្មជាតិនៅស្រុកសៀមបូក។
ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវមួយខ្សែនេះ បានសម្តែងការអបអរសាទររីករាយចំពោះការស្ថាបនាផ្លូវពីគ្រួសក្រហម មកផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង គឺជួយឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងសុវត្ថិភាពជាងមុន។ ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ស្របទៅនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមនិងការអនុវត្តត្រឹមត្រូវក្នុងកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕