(ភ្នំពេញ)៖ យុវជន ណាត ថៃណា និងយុវជន អេម រីតា ជាសមាជិកនៃសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងចំណោមសមាជិកជាច្រើនទៀត ដែលបានចូលរួមក្នុងកម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលបានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្ដែងនូវការសប្បាយរីករាយ និងចំណាប់អារម្មណ៍មួយចំនួន ពិសេសជាមួយនូវការអំពាវនាវជូនដល់សាធារណជន។

យុវជនខាងលើបានលើកឡើងស្រដៀងៗគ្នាថា កម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលបានរៀបចំឡើងនេះ គឺពិតជាបានផ្ដល់នូវចំណេះដឹងបន្ថែមទៅលើសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរយើង ដែលបានបង្ហាញតាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្ន។

ជាពិសេសការបណ្ដុះនូវទឹកចិត្ដស្រលាញ់កាន់តែខ្លាំងឡើងទ្វេដើម បន្ទាប់ពីយល់ពីអត្ថន័យ និងទម្រង់ពិតនៃសម្លៀកបំពាក់របស់ខ្មែរយើង ដែលពិតជាមានភាពស្រស់ស្អាត សមសួន គួរឱ្យគយគនមិនណាយ ដែលផ្សំនឹងការបង្ហាញនូវម៉ូតសម្លៀកបំពាក់ខាងលើនេះ ពីសំណាក់តារាល្បីៗប្រចាំកម្ពុជា ទាំងតារាចម្រៀង សម្ដែង និងតារាបង្ហាញម៉ូដ។

លើសពីនោះតាមរយៈប្រសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលប្រកបទៅដោយខ្លឹមសារដាស់តឿនបន្ថែមដល់កូនខ្មែរគ្រប់រូប ដែលត្រូវតែចូលរួមបន្ដថែរក្សាការពារកេរ្ដិ៍តំណែលមួយនេះ ឱ្យបានគង់វង្ស ព្រោះថាសម្លៀកបំពាក់ គឺជាផ្នែកមួយនៃវប្បធម៌ ដែលបញ្ជាក់ពីរឹសគល់អរិធម៌ដ៏ចំណាស់ និងជាអត្ដសញ្ញាតជាតិសាសន៍នីមួយៗ។

ទន្ទឹមនឹងនោះជាមួយការអំពាវនាវរបស់លោកជំទាវបណ្ឌិត ដល់សិល្បៈករ អ្នកច្នៃមូដ អ្នកសម្អាងការទាំងអស់ គួរតែពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកខ្លាំងពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុល ទៅតាមតម្រូវការរបស់ទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរយើង។

ការអំពាវនាវនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស និងយុវជន ដែលបានចូលរួមក្នុងកម្មវិធី «ស្រមោលសរ សំពតបត់ខ្មែរ លើកទី២» មានការគាំទ្រជាខ្លាំង។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់យុវជននៃសមាគមកាយឬទ្ធិនារីកម្ពុជា ជាមួយបណ្ដាញព័ត៌មាន Fresh News ដូចតទៅ៖ 

fgngt