(ភ្នំពេញ)៖ លោកអភិ-សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោកវិជ្ជបណ្ឌិត Zosimo M. Battad សាកលវិទ្យាធិការ និងជាប្រធានផ្នែកសិក្សា នៃសាកលវិទ្យាល័យបូព៌ា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកវិជ្ជបណ្ឌិត សាកលវិទ្យាធិការ និងជាប្រធានផ្នែកសិក្សា នៃសាកលវិទ្យាល័យបូព៌ា ព្រមសហការីជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងអស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ នាឱកាសនេះ។
លោកអភិសន្តិបណ្ឌិត ក៏បានសម្ដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ លោកវិជ្ជបណ្ឌិត សាកលវិទ្យាធិការ និងជាប្រធានផ្នែកសិក្សា ដែលបានខិតខំយកចិត្តទុកដាក់ យ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរហូតឈានដល់ការចុះអនុស្សរណៈ នៃយោគយល់គ្នាលើកិច្ចការបណ្ដុះបណ្ដាលរវាងសាកល-វិទ្យាល័យបូព៌ា និងបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ព្រមទាំងការបង្កើតអនុស្សរណៈ នៃការយោគយល់គ្នា ពាក់ព័ន្ធការបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅសាកលវិទ្យាល័យជាស៊ីម កំចាយមារ ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ លោកវិជ្ជបណ្ឌិតសាកលវិទ្យាធិការ ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យ អប់រំ រវាងកម្ពុជា-ហ្វីលីពីន។
ទន្ទឹមនេះ លោកវិជ្ជបណ្ឌិតសាកលវិទ្យាធិការ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងពង្រឹងមិត្តភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋនៃអាស៊ីអាគ្នេយ៍៕