(សៀមរាប)៖ លោក Jean-Christophe Babin នាយកប្រតិបត្តិក្រុមហ៊ុន BVLGARI ដែលជាក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក បានសម្តែងនូវការកោតសរសើរ និងអរគុណជាពិសេសដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាស្ត្រីទី១របស់កម្ពុជា ដែលបានខិតខំយ៉ាងសកម្ម ក្នុងបង្កើតឱ្យមានព្រឹត្តការណ៍ពិព៍រណ៍គ្រឿងអលង្ការប្រណិតៗ នៅសៀមរាបអង្គរ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា និងមនុស្សជាតិ។
ការលើកឡើងយ៉ាងដូច្នេះរបស់ នាយកប្រតិបត្តិក្រុមហ៊ុន BVLGARI ធ្វើឡើងក្នុងកម្មវិធីរាត្រីសមោសរ (Gala Dinner) «BVLGARI AETERNA» បង្ហាញម៉ូតផលិតផល BVLGARI នៅមុខប្រាសាទបាយ័ន នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន BVLGARI ដ៏មានឥទ្ធិពលរូបនេះបានលើកឡើងថា «ខ្ញុំសូមអរគុណជាពិសេសដល់មនុស្សពិសេសម្នាក់។ គាត់ជាស្ត្រីម្នាក់ ដែលធ្វើឲ្យស្ត្រីទាំងឡាយកាន់តែមានភាពស្រស់ស្អាត។ គាត់គឺជាស្ត្រីដ៏សកម្មខ្លាំងណាស់។ គាត់ជាបណ្ឌិត។ ហើយគាត់គឺជាជំទាវទី១នៃប្រទេសកម្ពុជា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ សូមអរគុណណាស់។ ពាក្យថាជំទាវទី១ អ្នកអាចនិយាយថា ជាភរិយារបស់នាយករដ្ឋមន្ត្រី ហើយវាជាការណ៍ពិត។ ប៉ុន្តែ គាត់ជាស្ត្រីដ៏សកម្មឈានមុខមួយរូប មានទាំងចិត្តល្អផង ដែលតស៊ូដើម្បីធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរ នៅក្នុងប្រទេស និងសមាគមនានា។ បើនិយាយឲ្យទូលាយ គាត់ជាមនុស្សដែលធ្វើការ ក្នុងការផ្តល់ប្រយោជន៍ដល់ប្រទេសជាតិ និងដើម្បីមនុស្សជាតិ។ ដូច្នេះ ពិតជាអរគុណណាស់លោកជំទាវទី១ អស់ពីចិត្តភក្តីរបស់ខ្ញុំ»។
សូមជម្រាបថា ដោយសារការខិតខំប្រឹងប្រែងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតរយៈពេល១ឆ្នាំ បានធ្វើឱ្យក្រុមហ៊ុន BVLGARI បានសម្រេចចិត្តជ្រើសរើសយកខេត្តសៀមរាប ជាកន្លែងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍លំដាប់ពិភពលោក ដោយនាំមកជាមួយនូវគ្រឿងអលង្ការតម្លៃប្រមាណ ១៥០លានដុល្លារ ជាមួយតារាល្បីៗ ផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក។
គ្រឿងអលង្ការ ដែលត្រូវតាំងបង្ហាញនៅខេត្តសៀមរាប មានចំនួន ២១៤គ្រឿង ខណៈភ្ញៀវបរទេសមកពីជុំវិញពិភពលោក ដើម្បីចូលរួមព្រឹត្តិការណ៍នេះ មានចំនួន ៤៧០នាក់។
BVLGARI ដែលជាបុត្រម្ព័ន្ធរបស់ក្រុមហ៊ុន LVMH ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។ ១៤១ឆ្នាំក្រោយមកការតាំងពិព័រណ៍ BLVGARI AETERNA បានប្រារព្ធនៅទីក្រុងរ៉ូម កាលពីខែឧសភា ឆ្នាំ២០២៤ ខណៈកម្ពុជា គឺជាទីកន្លែងនៃការរៀបចំលើកទី៤៕