(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមក្មេងទំនើងចំនន ៩នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីបបង្កអំពើហិង្សា ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
គួរឱ្យដឹងថាកាលវេលាម៉ោង០៣ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតរក្សាសន្តិសុខក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងខ្ទមទីតាំងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការត្រួតពិនិត្យ ឆែកឆេរ ទីតាំងរកឃើញមានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៧កូនថង់តូច និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់។
ក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ឈ្មោះ សាន់ សួរ (ញ៉ា) ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះទន់ ឆាត (ស្នា) ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ សឿង ឃុនណារ៉ាត់ (ឃុន) ភេទប្រុស អាយុ២៩ឆ្នាំ, ឈ្មោះ ស៊ុយ គីម (អាពៀវ) ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ឈិន ម៉េងហួរ ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ សុខ រី (រ៉ី) ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះមុត ដេវីត ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះសុខ គា ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះវុត ថាវរៈ ភេទប្រុស អាយុ២៨ឆ្នាំ ព្រមទាំងប្រមូលនូវវត្ថុតាងកាំបិតជាច្រើនដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជនសង្ស័យខាងលើ ជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក ជួញដូរ និងប្រេីប្រាស់គ្រងញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕