(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ឱ្យបានខ្ពស់លើរបបអាហាររបស់ក្មេងៗ ជាពិសេសហាមដាច់ខាតលើការលក់ដូរភេជ្ជៈផ្អែម និងភេជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបានសុខភាពរបស់សិស្ស ខណៈមកដល់ពេលនេះបញ្ហាទឹកនោមផ្អែមលើកុមារកើតមានច្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមឱ្យមានការអប់រំ និងណែនាំទាំងក្នុងសាលា និងក្រៅសាលា ត្រូវមានការណែនាំ អាទឹកប៉ូវកម្លាំង ទឹកអីនេះ គឺមិនមែនសម្រាប់ក្មេងនោះទេ តែមានការប្រើច្រើន រឿងនេះជារឿងមួយដែលប្រកាសអាសន្ន រឿងនេះជារឿងបញ្ហារយៈពេលវែងសម្រាប់យើង បើសិនជាក្មេងៗយើង ១០ឆ្នាំ ២០ឆ្នាំទៀត ចាប់ពីអាយុ ៣០ ទៅ ៤០ឆ្នាំ មានជំងឺទឹកនោមផ្អែម គឺក្លាយជាបន្ទុក វាជាបញ្ហាហើយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលដែលក្មេងៗឈឺជំងឺទឹកនោមផ្អែមនេះហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះទេ ដូចនេះត្រូវគិតគូរមើលឱ្យបានហ្មត់ចត់ និងសូមឱ្យឱពុកម្តាយ ប្រជាជន លោកគ្រូ អ្នកគ្រូ អ្នកទាំងអ្នកលក់ដូរ ត្រូវគិតគូរពីបញ្ហាភេជ្ជៈផ្អែមនេះផង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែថា មកដល់ពេលនេះមានក្មេងតូចៗច្រើនណាស់នៅមន្ទរពេទ្យគន្ធបុប្ផា បានកើតជំងឺទឹកនោមផ្អែម ដែលបញ្ហាទាំងនេះពេលខ្លះពាក់ព័ន្ធនឹងការខ្វះការយល់ដឹងរបស់ឱពុកម្តាយផងដែរ។ ពេលខ្លះដោយសារតែឱពុកម្តាយធ្វើតាមតែចិត្តកូនពេក ដូចដាក់ជាតិស្ករបន្ថែមទៅក្នុងខ្លួនកូន តាមរយៈការឱ្យផឹកភេជ្ជៈ ឫទឹកដោះគោដែលមានជាតិផ្អែមច្រើនចូលទៅក្នុងខ្លួនកូន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមគ្នាចេញជាការផ្សព្វផ្សាយសារអប់រំ ពាក់ព័ន្ធនឹងបញ្ហាសុខភាពឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជាការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះផងដែរ។
សូមបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមការទទួលទាន ចែកចាយ តាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។
ក្រសួងអប់រំ បានបញ្ជាក់ដែរថា រាល់ការទទួលទាន ការចែកចាយ ការលក់ដូរ និងការផ្សាយពាណិជ្ជកម្មភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណសាលារៀនត្រូវហាមឃាត់ជាដាច់ខាត ដើម្បីបង្ការហានិភ័យជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលបណ្ដាលមកពីទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងផងដែរ៕