(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា សម្ដេចចង់ឱ្យគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញ ត្រូវបានអនុវត្តន៍ឆាប់រហ័ស និងត្រូវធ្វើឲ្យបានលឿន តាមអ្វីដែលអាចធ្វើទៅបាន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រាជធានី ខេត្ត ផ្តល់អាទិភាពឱ្យមន្ទីរអប់រំ ក្នុងការរើសគ្រូបង្រៀន ហើយត្រូវអនុលោម តាមនិយាមរបស់ក្រសួងអប់រំ។ ទន្ទឹមគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចដំឡើងរយៈពេលកិច្ចសន្យា សម្រាប់គ្រូជាប់កិច្ចសន្យា ពីមួយឆ្នាំ ទៅពីរឆ្នាំផងដែរ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី របស់ក្រសួងអប់រំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវធ្វើតែម្ដង ហើយឲ្យលឿន ខ្ញុំចង់បានឲ្យហើយឆ្នាំនេះ ដើម្បីអនុវត្ដនៅឆ្នាំ២០២៦តែម្ដង សូមកុំចាំយូរ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យកំណត់ រយៈពេលរៀន ដើម្បីបានក្របខណ្ឌសម្រាប់គ្រូជាប់កិច្ចសន្យា (គ្រូបឋមសិក្សា)។ បើតាមប្រសាសន៍របស់សម្តេច គឺអនុញ្ញាតឲ្យក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ ពិភាក្សាគ្នា ដើម្បីកំណត់ការរៀនរយៈពេលណាមួយ អាចចាប់ពី ៣ ឬ៤ឆ្នាំ។

បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ឱ្យយកគ្រូចូលនិវត្តន៍មកបង្រៀន ដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍ ហើយសម្តេច ក៏បានណែនាំពិនិត្យលក្ខខណ្ឌឱ្យបានតឹងរឹង សម្រាប់គ្រូដែលចង់ប្តូរទីកន្លែងបង្រៀនផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បាត់បង់គ្រូមួយរូប ស្មើនឹងប៉ះពាល់សិស្សរាប់រយនាក់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កំណើនប្រជាពលរដ្ឋលឿន ជាហេតុនាំឱ្យការដោះស្រាយមានបញ្ហា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រសួងអប់រំ ពង្រឹងទាំងបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ព្រមទាំងគ្រប់កម្រិតសិក្សា។ សម្តេចបានថ្លែងថា ធ្វើអ្វីក៏ដោយត្រូវតែមានភាពម្ចាស់ការ។ មិនអាចផ្តល់ថវិកា ហើយបង្គាប់បញ្ជានោះទេ៕