(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរំលឹកឲ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ឬសហគ្រាស គ្រឹះស្ថាន ប្រុងប្រយ័ត្នក្នុងការជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជនមកបម្រើការងារ ដោយខ្លាចក្រែងប៉ះចំសមាសភាពមិនល្អ ហើយហាមដាច់ខាតក្នុងការជ្រើសរើសយកជនបរទេស មកបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជន។

ការក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧០ ក្រោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានណែនាំផងដែរដល់ក្រុមហ៊ុន និងសហគ្រាស មិនត្រូវប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន លើសម៉ោងការងារច្រើនពេកនោះទេ ព្រោះធ្វើឲ្យភ្នាក់ងារសន្តិសុខឯកជន ប្រឈមនឹងបញ្ហាសុខភាព ឬអាចបណ្តាលប៉ះពាល់ដល់អាយុជីវិត និងធ្វើឲ្យកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅគោលដៅមានកម្រិតទាប។ លើសពីនេះ ត្រូវរៀបចំផ្ដល់នូវរបបសន្តិសុខសង្គម ហៅកាត់ «ប.ស.ស» ជូនភ្នាក់ងារសន្តិសុខឯកជន ក្នុងការពិនិត្យសុខភាព និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកភ្នាក់ងារសន្តិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់របស់សមត្ថកិច្ច ក្នុងការសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមគៅលដៅរបស់ភ្នាក់ងារសន្តិសុខឯកជនឈរជើង។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។

លោកក៏បានសម្ដែងនូវការកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ លោកលើកទឹកចិត្ត និងគាំទ្រដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហិង្សា ការរំលោភបំពានលើកុមារ និងស្ត្រី ការលេងល្បែងស៊ីសងខុសច្បាប់ និងល្បែងអនឡាញខុសច្បាប់ជាដើម ពិសេសនៅតាមបណ្តាទីតាំងស្នាក់នៅ និងគោលដៅងាយរងគ្រោះ។

បន្ថែមពីនេះ លោកបានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។

រយៈពេល២ថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដែលសន្តិសុខឯកជន បាននិងកំពុងជួបប្រទះកន្លងមក ដូច្នេះយើងទាំងអស់គ្នាបានយល់ដឹងយ៉ាងច្បាស់អំពី៖ តួនាទី និងភារកិច្ច, កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន, វិធីសាស្ត្រការពារគោលដៅ, ការស្វែងយល់អំពីចរាចរណ៍ផ្លូវគោក, ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជួយសង្គ្រោះពីអគ្គិភ័យ,ការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ។

លោកលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ យកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់ មិត្តរួមការងារ មិត្តភ័ក្រ ក្រុមគ្រួសាររបស់បងប្អូន ឬប្រជាពលរដ្ឋដ៏ទៃទៀត ឲ្យបានយល់អំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវត និងសណ្តាប់ធ្នាប់ សង្គម ព្រមទាំងការចូលរួមចំណែកអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល៕