(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលើលក្ខខណ្ឌឲ្យបានច្បាស់លាស់ និងតឹងរឹងសម្រាប់លោកគ្រូ អ្នកគ្រូ ដែលចង់ផ្លាស់ប្តូរទីកន្លែងបង្រៀន។

ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យា នៃរាជធានីភ្នំពេញ។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំឲ្យមានលក្ខណ្ឌច្បាស់លាស់ស្រួលបួលបន្តិច តឹងតិចចុះផ្ទេរ បុគ្គលិកសិក្សា បុគ្គលិកអប់រំ ខ្ញុំអត់ថាទេ ផ្ទេរនាយករង ខ្ញុំអត់ថាទេ ផ្ទេរនាយកខ្ញុំមិនសូវថាទេ លក្ខខណ្ឌនេះ តែបើផ្ទេរគ្រូសុំឲ្យមានលក្ខខណ្ឌតិច មិនមែនបិទជិតទេ តែត្រូវមើលតុល្យភាព តិចចុះ»

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏សុំការយោគយល់ និងអភ័យទោសចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេសក្នុងលក្ខខណ្ឌរឹតរឹងនេះ ប៉ុន្តែនេះជាការទទួលខុសត្រូវមួយចំពោះឪពុកម្ដាយ​ និងអាណាព្យាបាលរបស់សិស្ស ព្រោះម្សិលមិញសម្ដេចបានទៅអង្គុយជួបប្រជាពលរដ្ឋនៅលើភ្នំ ជាមួយក្រសួងអប់រំ ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា ខ្វះគ្រូ អគារធ្វើបានប៉ុន្តែកសាងមិនបាន។

បើតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ចំពោះបញ្ហានេះត្រូវរកគ្រប់វិធី ដើម្បីដោះស្រាយ ទាំងគ្រូនៅកន្លែងនោះ ទាំងគ្រូនៅកន្លែងផ្សេងៗ។ ជាមួយគ្នានេះ ចំពោះគ្រូដែលមានគុណវុឌ្ឍ ចូលនិវត្តន៍រួចអាចអញ្ជើញគាត់ចូលមកវិញ តាមរយៈការស្ម័គ្រចិត្តចូលរួមបង្រៀនជំនាញបាន រីឯគ្រូដែលមានស្រាប់ត្រូវធ្វើយ៉ាងណា ដើម្បីធានាបាននូវតុល្យភាព។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការកោតសរសើរដល់គ្រូបង្រៀនដែលស្ម័គ្រចិត្ត បង្រៀនបន្ថែមម៉ោងដល់សិស្ស នៅតាមសាលារៀន ខណៈការបង្រៀនបន្ថែមម៉ោងនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងកំពុងផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្ដល់ការអប់រំឲ្យបានច្រើនដល់សិស្សនៅតាមមូលដ្ឋាន៕