(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១ ក្នុងនោះសាលារៀនសាធារណៈមាន ១៣ ៩៤៨សាលា សាលារៀនឯកជន ២ ២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣.៣៤៨កន្លែង, ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥ ដែលមានសិស្ស និងនិស្សិតសរុប ៤ ១៧១ ៩៦២ នាក់។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំនួនសិស្សតាមកម្រិតថ្នាក់នីមួយៗដូចខាងក្រោម៖

* កុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤២៥ ៥៣៩នាក់ ស្រី ៤៩.៨% និងអត្រាចូលរៀនកុមារអាយុ ៥ ឆ្នាំកើនឡើងពី ៦៥.៤% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៧១.៤% នៅឆ្នាំសិក្សា ២០២៤-២០២៥

* សិស្សបឋមសិក្សាសរុប ២ ២៦១ ២១៦នាក់ ស្រី ៤៨% និងអត្រាពិតនៃការសិក្សាកើនឡើងពី ៩៩.៦% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ១០២.៣% នៅឆ្នាំសិក្សា ២០២៤-២០២៥

* សិស្សមធ្យមសិក្សាបឋមភូមិសរុប ៧១២ ២៩៨នាក់ ស្រី ៥២.១% និងអត្រារួមនៃការសិក្សាកើនឡើងពី ៦៥.៥% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៧៥.២% នៅឆ្នាំសិក្សា ២០២៤-២០២៥

* សិស្សមធ្យមសិក្សាទុតិយភូមិសរុប ៤៥៦ ៨០៤នាក់ ស្រី ៥៥.៦% និងអត្រារួមនៃការសិក្សាកើនឡើងពី ៣៩.៣% នៅឆ្នាំសិក្សា២០២៣-២០២៤ ដល់ ៤៤.៣% ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងនោះសិស្សមធ្យមសិក្សាចំណេះទូទៅនិងបច្ចេកទេស ៣ ៨៤០នាក់ ស្រី ៣៣.៦%

* និសិ្សតឧត្តមសិក្សាសរុប ៣១៦ ១០៥នាក់ ស្រី ៥២.៥% និងអត្រារួមនៃការសិក្សា (អាយុ១៨-២២ឆ្នាំ) កើនឡើងពី ១៧.៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ១៩.០៨% នៅឆ្នាំសិក្សា ២០២៣-២០២៤។

* អ្នកសិក្សាដែលបានទទួលការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីសរុប ៥០ ០៥៣នាក់ ស្រី ៥២.៤% ក្នុងនោះ អ្នកចូលរៀនកម្មវិធីអក្ខរកម្មអប់រំក្រៅប្រព័ន្ធ ១៧ ៥៧៥នាក់ ស្រី ៦២.៣% អ្នកសិក្សាជំនាញមុខរបរងាយៗសរុប ១២ ១២២នាក់ ស្រី ៦៣.៥% អ្នកសិក្សាកម្មវិធីសមមូលបឋមសិក្សានិងមធ្យមសិក្សាសរុប ៨ ១៥៧នាក់ ស្រី ៣៩.៩% និងអ្នកសិក្សាបំពេញវិជ្ជាបឋមភូមិសរុប ៨១២នាក់ ស្រី ២៦.៧% និងមធ្យមសិក្សាទុតិយភូមិបំពេញវិជ្ជាសរុប ២ ១០៧នាក់ ស្រី ៣០.៧%។

ក្រុមប្រឹក្សាកុមារកម្ពុជាមានសមាជិកសរុប ១ ៥៩៧ ១០៤នាក់ និងក្រុមប្រឹក្សាយុវជនកម្ពុជាមានសមាជិកសរុប ៣៨៤ ៦៦១នាក់។ កាយរឹទ្ធិជាតិកម្ពុជាមានសមាជិកសរុប ១៨៥ ៣៥៦នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៩ ០១៦នាក់ កាយរឹទិ្ធជំទង់ ១២៧ ៤៣១នាក់ កាយរឹទិ្ធរៀមច្បង ២២ ៧៣៧ នាក់ មេដឹកនាំកាយរឹទិ្ធ ១៣ ៦៤៧ នាក់ និងសមាជិកកិត្តិយស ២ ៥២៥នាក់។

សម្រាប់ការលើកកម្ពស់គុណភាពអប់រំ លោករដ្ឋមន្ត្រីបានឱ្យដឹងថាផងដែរថា ភាគរយសិស្សប្រឡងជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ស្ថិតក្នុងរង្វង់ ៩៤,៨% នៅឆ្នាំសិក្សា២០២២-២០២៣ និង ៩៤,៧% នៅឆ្នាំសិក្សា ២០២៣-២០២៤។ ដោយឡែក លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤បានបង្ហាញថា ភាគរយសិស្សប្រឡងជាប់បានកើនពី ៧២,៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៧៩% នៅឆ្នាំសិក្សា ២០២៣-២០២៤។ បេក្ខជនទទួលបាននិទ្ទេស A សរុប ២ ២២៥ នាក់។

ក្រសួងបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាពនៅបឋមសិក្សាចំនួន ១៤៨ ៩០១នាក់ មធ្យមសិក្សាបឋមភូមិចំនួន ១០២ ៣៥៩នាក់ មធ្យមសិក្សាទុតិយភូមិចំនួន ១១.១៦៧នាក់ និងនៅកម្រិតអប់រំពិសេសចំនួន ១.០៩០នាក់។

នៅកម្រិតឧត្តមសិក្សានិស្សិតចំនួន ៨ ៦២១នាក់ បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% ក្នុងនោះនិស្សិតក្រីក្រចំនួន ១ ៥១៩នាក់។ ចំពោះ និស្សិតមានពិការភាព អាចចូលរៀនបានដោយមិនកំណត់ចំនួន ដោយមានសិទ្ធិទទួលបាន អាហារូបករណ៍ដោយស្វ័យប្រវត្តិ ក្រោយពីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕