(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងអំពីទិសដៅក្នុងការធ្វើការកែទម្រង់សាលារៀន ដែលជាការងារចាំបាច់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់មធ្យមសិក្សា។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីបានលើកឡើងថា កំណែទម្រង់សាលារៀននៅកម្រិតមត្តេយ្យសិក្សា កត្តាគន្លឹះគឺ សាលារៀនត្រូវមាន បរិស្ថានស្អាត អនាម័យល្អ វិធីសាស្ត្របង្រៀនថ្មីៗ និងការជឿទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាល ដោយគូសបញ្ជាក់ថា ការវិនិយោគលើលើកុមារតូចពិតជាមានសារៈសំខាន់ពោល គឺការវិនិយោគទៅលើអត្តចរិតរបស់ក្មេង ដោយបណ្តុះបំណិនមិនមែនបំណិនវិជ្ជា (Non-Cognitive Skills) គឺការអប់រំអត្តចរិតរបស់សិស្ស និងការលើកទឹកចិត្តភាគីពាក់ព័ន្ធ ឱ្យធ្វើការការវិនិយោគបន្ថែមដល់មត្តេយ្យសិក្សា ដើម្បីឱ្យកុមារតូចនៅកម្ពុជា ទទួលបានការលូតលាស់រាយកាយ សុខភាព និងចរិយាមារយាទល្អ។
កំណែទម្រង់សាលារៀននៅបឋមសិក្សា កត្តាគន្លឹះ គឺការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង ដោយគ្រូបង្រៀនត្រូវមានសិល្បៈក្នុងការបង្រៀន ត្រូវចេះបង្កើតសម្ភារឧបទេស និងរិះរកវិធីសាស្ត្របង្រៀនថ្មីៗ។ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះរបស់សិស្សបឋមសិក្សាឱ្យបានរឹងមាំ នាយកដ្ឋានជំនាញត្រូវរៀបចំជាឧត្តមានុវត្តន៍ក្នុងការ អនុវត្តកញ្ចប់អំណាននិងគណិតវិទ្យាថា្នក់ដំបូង ដើម្បីងាយស្រួលក្នុងការយល់ដឹង និងការអនុវត្តវិធីសាស្ត្របង្រៀន និងការផ្តល់អន្តរាគមន៍គាំទ្រដូចជា ការរៀបចំបណ្ណាល័យ ឱ្យមានស្តង់ដា និងការប្រើប្រាស់សៀវភៅគោលសិក្សា និងសៀវភៅជំនួយ សម្រាប់បង្កើនគុណភាពសិក្សាបន្ថែម។ ជាមួយគ្នានេះ គ្រូបង្រៀន និងសិស្សានុសិស្សត្រូវស្វែងយល់ច្បាស់ អំពីរបៀបរៀនឱ្យបានច្បាស់លាស់ ដូចជា ១).របៀបរៀនសរសេរ និងវេយ្យាករណ៍ ២).ការប្រើប្រាស់ពាក្យ ដើម្បីឱ្យយល់ដឹង និងចាំច្បាស់ ដោយលើកទឹកចិត្តសិស្សឱ្យអាន បានច្រើន និងមានប្រព័ន្ធអេកូឡូស៊ីក្នុងការសិក្សា។
កំណែទម្រង់សាលារៀននៅកម្រិតមធ្យមសិក្សា កត្តាគន្លឹះ គឺការពង្រឹងលទ្ធផលសិក្សារបស់សិស្ស តាមរយៈ ១).ការបង្កើនម៉ោងសិក្សា ២).ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន និង ៣).គណនេយ្យភាព ដែលទាមទារនូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងខ្ពស់។ សាលារៀនត្រូវរៀបចំធ្វើតេស្តស្តង់ដា បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន អនុវត្តការរៀនពេញមួយថ្ងៃ បំប៉នទាំងគ្រូបង្រៀន និងសិស្សអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀននិងបង្រៀន រៀបចំបរិស្ថានសិក្សាស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់មករៀនដូចករណីសាលារៀនជំនាន់ថ្មី ជាសាលារៀនដែលមានគុណភាពខ្ពស់ ប៉ុន្តែចំណាយតិច ដោយបានបញ្ចូលការរៀនតាមរយៈការធ្វើពិសោធន៍ ការជំរុញស្វ័យសិក្សា ជាពិសេសការអភិវឌ្ឍសិស្សឱ្យអាចសរសេរសៀវភៅ ដោយខ្លួនឯងបាន និងថ្មីៗនេះបានបញ្ជ្រាបការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងបង្រៀននិងរៀន រៀបចំពិព័រណ៍ស្នាដៃសិស្ស ដើម្បីលើកទឹកចិត្ត និងជួយសិស្សឱ្យចេះស្រមើស្រមៃ និងមានចំណេះដឹងទូលំទូលាយ។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា កំណែទម្រង់សាលារៀន គឺជាទិសដៅសតវត្សទី២១ ដែលយើងទាំងអស់គ្នាត្រូវតែអនុវត្ត ក្នុងន័យថា មានតែការពង្រឹងគុណភាពក្នុងការអប់រំទេ ទើបជួយអ្នកជំនាន់ក្រោយរបស់យើងឱ្យរួចផុតពីភាពក្រីក្រ និងឈានទៅកែប្រែជោគវាសនារបស់ខ្លួនបាន៕