(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថាចំពោះលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ផ្ដល់កុងត្រាឱ្យមកបង្រៀននៅសាលារដ្ឋ ដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍ មិនមែនទទួលបានប្រាក់ខែឌុបនោះទេ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីរបស់ក្រសួងអប់រំ នៅវិទ្យាស្ថានជាតិកម្ពុជា (តិចណូ)។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី​ បានថ្លែងថាចំពោះលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ អាចឱ្យពួកគាត់មកបំពេញបន្ថែមកន្លែងចន្លោះ ព្រោះប្រសិនជាមិនឱ្យពួកគាត់មកបង្រៀននៅសាលារដ្ឋ ពួកគាត់នឹងទៅបង្រៀននៅសាលាឯកជនដែលនាំឱ្យបាត់ធនធានមនុស្សនៅសាលារដ្ឋ។

បន្ថែមពីនេះ សម្តេច បានថ្លែងបន្តថា សូមបងប្អូនកុំមានការយល់ច្រឡំថាការកុងត្រាឱ្យលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ជាការបើកប្រាក់ខែឌុបឱ្យពួកគាត់ គឺមិនមែននោះទេ ព្រោះប្រសិនជាគាត់មិនចូលបង្រៀនសាលារដ្ឋ ហើយទៅបង្រៀនសាលាឯកជន ក៏គាត់ទទួលបានប្រាក់ខែ២ដងដែរ ប៉ុន្តែរដ្ឋាភិបាលមិនចង់ឱ្យបាត់ធនធានទៅសាលាឯកជនច្រើននោះទេ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានណែនាំឱ្យក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ក្ដាប់ឱ្យបានទិន្នន័យរបស់គ្រូបង្រៀនតាំងពីលើរហូតដល់ក្រោម ដើម្បីអាចដឹងបានថាក្នុងចំណោមសាលាជាង១ម៉ឺនទីតាំង តើទីតាំងណាដែលមានការខ្វះខាតគ្រូបង្រៀន៕