(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គិតមកដល់ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរួមចំណែកយ៉ាងធំធេង ក្នុងការសាងសង់អគារសិក្សាចំនួន ៤ ៥៨២ខ្នង ស្មើនឹង ៣០ ១៣៥បន្ទប់ ជូនដល់កូនចៅជាសិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា «ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្តែងនូវកត្តញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការសាងសង់អគារសិក្សា យ៉ាងច្រើន ដែលគិតមកដល់ខែមករា ឆ្នាំ២០២៥ មានចំនួន ៤.៥៨២ ខ្នង ស្មើនឹង ៣០.១៣៥ បន្ទប់ ជូនដល់កូនចៅជាសិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ។ អគារសិក្សា ថ្នាក់រៀន ការិយាល័យទីចាត់ការ និងផ្ទះគ្រូរបស់សម្តេចមានលក្ខណៈស្តង់ដា មានផាសុកភាព មានបំពាក់គ្រឿង សង្ហារិម បរិក្ខារ សម្ភារៈរៀន និងបង្រៀនគ្រប់គ្រាន់»។
លោកបន្តថា «ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីអប់រំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍនៅលើគ្រប់វិស័យ»។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានបន្ថែមទៀតថា សមិទ្ធផលនៃការស្តារទ្បើងវិញនៃវិស័យអប់រំ ក្នុងរយៈពេលជាច្រើនទសវត្សកន្លងទៅនេះ ជាពិសេសការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ក្នុងការបង្កើនថវិកាសម្រាប់វិស័យអប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សា បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ល្អខាងផ្នែកលើកកម្ពស់អក្ខរកម្ម។
លោកបន្តថា ការអភិវឌ្ឍវិស័យអប់រំ គឺជាការងាររួមរបស់រាជរដ្ឋាភិបាលទាំងមូល ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងដៃគូអភិវឌ្ឍផងដែរ៕