(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដំឡើងរយៈពេលកុងត្រាសម្រាប់គ្រូជាប់កិច្ចសន្យា ពី១ឆ្នាំ ទៅ ២ឆ្នាំ ខណៈពីមុនការធ្វើកុងត្រាម្ដង គឺមានសុពលភាពត្រឹម ១ឆ្នាំតែប៉ុណ្ណោះ ការធ្វើបែបនេះដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន។

ការសម្រេចចិត្តបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពរញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់រាជរដ្ឋាភិបាលការជ្រើសរើសគ្រូ គឺត្រូវគិតទាំងបរិមាណ និងគុណភាពពោលគឺគ្រូត្រូវតែមានគុណវុឌ្ឍច្បាស់លាស់ ហើយស្របតាមនិយាម ដែលកំណត់ដោយក្រសួងអប់រំ។ បើរើសគ្រូ មិនមានគុណវុឌ្ឍិគ្រប់គ្រាន់ទេនោះនឹងមិនអាចបណ្តុះបណ្តាលមូលដ្ឋានគ្រឹះដល់សិស្សានុសិស្ស នៅកម្រិតបឋម ឱ្យមានគុណភាព និងមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចប្ចុប្បន្ននេះ នៅតាមសាលារៀនមួយចំនួន គឺមានការខ្វះខាតគ្រូបង្រៀន ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ហើយការរកគ្រូបង្រៀនថ្នាក់បឋមសិក្សាគឺមានភាពងាយស្រួលជាងគ្រូបង្រៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ពីព្រោះមានមុខវិជ្ជាច្រើន។ ដូច្នេះ ហើយទើបក្រសួងអប់រំអនុវត្តតាមរយៈការបំពេញបន្ថែមគ្រូជាប់កិច្ចសន្យា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាយ៉ាងដូច្នេះ៖ «អីឡូវនេះយើងមានគ្រូកិច្ចសន្យាភាគច្រើនថ្នាក់បឋម ដែលធ្វើកុងត្រា ១ឆ្នាំម្តង ខ្ញុំមិញបាននិយាយជាមួយឯកឧត្តម ហង់ជួន ណារ៉ុន អីឡូវយើងដំឡើងពី១ឆ្នាំ ទៅ២ឆ្នាំ អ៊ឹចឹងយើងកុងត្រា ២ឆ្នាំតែម្តងទៅ ចំពោះកិច្ចការងារអនុវត្តឱ្យបានកាន់តែឆាប់កាន់តែល្អ»

ត្រង់ចំណុចនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដំឡើងមន្ត្រីជាប់កិច្ចសន្យារយៈពេល ២ឆ្នាំនេះ គឺសម្រាប់តែគ្រូបង្រៀនប៉ុណ្ណោះ ការធ្វើបែបនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ដំណើរការបង្រៀនដល់សិស្សានុសិស្សនៅតាមសាលារៀនជាដើម។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរដល់គ្រូបង្រៀនដែលស្ម័គ្រចិត្តបង្រៀនបន្ថែមម៉ោងដល់សិស្សនៅតាមសាលារៀន ខណៈការបង្រៀនបន្ថែមម៉ោងនេះរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងកំពុងផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្ដល់ការអប់រំឱ្យបានច្រើនដល់សិស្សនៅតាមមូលដ្ឋាន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាដល់ក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ គិតគូរឡើងវិញចំពោះរយៈពេលនៃការបង្រៀនរបស់គ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីផ្ដល់ឱកាសដល់គ្រូបង្រៀនស្ម័គ្រចិត្តនៅមូលដ្ឋានឱ្យបានចូលគ្រូក្របខណ្ឌ ដោយពិនិត្យមើលផ្ទាល់ទៅលើគុណវុឌ្ឍិរបស់គ្រូបង្រៀន ដោយមិនត្រូវទុករយៈពេលបង្រៀនស្ម័គ្រចិត្តយូរឆ្នាំពេកនោះទេ។

សម្ដេច​មហា​បវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយក​រដ្ឋ​មន្ត្រី ​បាន​ស្នើ​ឱ្យពិ​និត្យ​ឱ្យ​បា​ន​ច្បាស់​លា​ស់​ចំ​ពោះក​រ​ណីកា​រ​ផ្ទេ​រគ្រូ​ចេ​ញ​ពី​សា​លានី​​មួយៗ​ ដោយ​នាយក​សាលា​ត្រូ​​វធ្វើយ៉ា​​ងណា​ប​ញ្ចៀស​មិន​ឱ្យ​មាន​ក​រ​ណីខ្វះ​គ្រូ​នៅសា​លា​នោះ​ឡើ​យ។​

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានលើការកែទម្រង់វិស័យអប់រំ ជាពិសេសការកែទម្រង់ការប្រឡងបាក់ឌុប នៅក្នុងវិស័យអប់រំរបស់កម្ពុជា ធ្វើឱ្យការរៀន និងការបង្រៀននៅតាមសាលារៀនមានគុណភាព និងប្រសិទ្ធភាពខ្ពស់មកដល់បច្ចុប្បន្ន។

សម្ដេចបវរធិបតី ហ៊ុន​ ម៉ាណែត បានបន្ថែមថា ការពង្រឹងគុណភាពអប់រំគ្រប់កម្រិតរាជរដ្ឋាភិបាលបានធ្វើមកច្រើនតាំងពីអាណត្តិមុនៗមកហើយ និងបានធ្វើជាប្រចាំប៉ុន្ដែការពង្រឹងវិស័យអប់រំនេះ​ គឺត្រូវបន្តខិតខំធ្វើជាប្រចាំ​ ជាពិសេសគ្រូបង្រៀនត្រូវផលិតកូនសិស្សដែលមានគុណភាព ហើយការពង្រឹងលើវិស័យអប់រំ​ ដោយក្នុងនោះមានវិធានមួយសំខាន់ គឺការពង្រឹងការអបរំថ្នាក់មូលដ្ឋានដែលកិច្ចការងារនេះសម្ដេចធ្លាប់មានប្រសាសន៍តាំងពីមុនពេលបោះឆ្នោតអាណត្តិទី៧មកម្លេះ ពីព្រោះការអប់រំនេះ គឺត្រូវតែមានគ្រឹះរឹងមាំតាំងពីថ្នាក់មូលដ្ឋានមក៕