(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាក់ចេញបទបញ្ជាឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលទ្ធភាពផ្ដល់ក្របខ័ណ្ឌដល់គ្រូបឋមជាប់កិច្ចសន្យា ដោយកំណត់ពេលវេលាជាក់លាក់ណាមួយចន្លោះពី ៣ឆ្នាំ ទៅ៤ឆ្នាំ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថា មុនផ្ដល់ក្របខ័ណ្ឌគ្រូបឋមជាប់កិច្ចសន្យា ក្រសួងទាំងពីរត្រូវពិនិត្យមើលគុណវុឌ្ឍិ និងរៀបចំការប្រឡងក្នុងកម្រិតណាមួយសមស្រប។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំដាក់ចេញជាបទបញ្ជាតែម្ដងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងអប់រំ ធ្វើយ៉ាងមិចត្រូវគិតគូរក្របខ័ណ្ឌ ដោយគិតគូរពីលក្ខខណ្ឌលោកគ្រូ អ្នកគ្រូ (គ្រូបឋមកិច្ចសន្យា) ចន្លោះពី៣ឆ្នាំ ទៅ៤ឆ្នាំ មើលគុណវុឌ្ឍិ ហើយឆ្លងកាត់វគ្គខ្លីក្នុងកម្រិតណាមួយដើម្បីបំពេញឲ្យ [...] ការងារនេះអនុវត្តកាន់តែឆាប់កាន់តែល្អ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការងារកំណត់ពេលវេលាជាក់លាក់ក្នុងការផ្ដល់ក្របខ័ណ្ឌជូនគ្រូបឋមកិច្ចសន្យានេះ គឺសម្ដេចដាក់បទបញ្ជាលក្ខណៈនយោបាយតែម្ដង ដើម្បីបញ្ចប់ការរាំងស្ទះដោយប្រការណាមួយ ពិសេសលិខិតបទដ្ឋានគតិយុត្តដែលធ្លាក់ដាក់ចេញនាពេលកន្លងមក ដូច្នេះបទបញ្ជានេះដើម្បីឲ្យក្រសួងទាំងពីរសហការគ្នារៀបចំលិខិតបទដ្ឋានគតិយុត្តថ្មី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចផ្ដល់ក្របខ័ណ្ឌជូនគ្រូបឋមកិច្ចសន្យារបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តបន្ថែមដល់គ្រូបង្រៀននៅតាមមូលដ្ឋាន ដែលខិតខំប្រឹងប្រែងបង្រៀនហើយចាក់គ្រឹះនៅនឹងកន្លែងតែម្ដង។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកែសម្រួលដោយដំឡើងរយៈពេលកុងត្រាសម្រាប់គ្រូជាប់កិច្ចសន្យា ពី១ឆ្នាំ ទៅ២ឆ្នាំ ខណៈពីមុនការធ្វើកុងត្រាម្ដង គឺមានសុពលភាពត្រឹម១ឆ្នាំតែប៉ុណ្ណោះ ដូច្នេះការធ្វើបែបនេះដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យា។ លើសពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រាជធានី ខេត្ត ផ្តល់អាទិភាពឲ្យមន្ទីរអប់រំ ក្នុងការរើសគ្រូបង្រៀន ហើយត្រូវអនុលោមតាមនិយាមរបស់ក្រសួងអប់រំ៕