(ភ្នំពេញ)៖ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងរំពឹងអាចបញ្ចប់ទៅជាច្រើនសប្តាហ៍ទៅមុខទៀតនេះ។ ការបញ្ចប់សង្គ្រាម បានធ្វើឡើងតាមវិធីសាស្ត្រនៃការដាក់សម្ពាធសេដ្ឋកិច្ច ដែលមិនមែនជាសម្ពាធហិង្សាឡើយ។ Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយក្រោមចំណងជើងថា «តើកិច្ចសន្យា៥០០ពាន់លានដុល្លារអាមេរិក-អ៊ុយក្រែន អាចបញ្ចប់សង្គ្រាមដែរឬទេ»?

នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ សប្តាហ៍នេះ បើគ្មានអ្វីនឹងប្រែប្រួលនោះទេ, កិច្ចសន្យាជាប្រវត្តិសាស្រ្តតម្លៃ ៥០០ពាន់លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅក្នុងសហរដ្ឋអាមេរិករវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីអាមេរិកលោក Donald Trump ។ កិច្ចព្រមព្រៀង ដែលឈានទៅរកការបញ្ចប់សង្គ្រាមនេះ ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅចំពោះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងការវិវត្តនៃរចនាសម្ព័ន្ធអំណាចថ្មីមួយទៀតរបស់ពិភពលោកផងដែរ។ កិច្ចសន្យាដែលគេជឿថាបានដាក់ចេញនូវគោលបំណងជួយការពារសន្តិសុខ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែនដែរនោះ កំពុងតែកំណត់អត្ថន័យនៃសង្រ្គាមមួយដែលបញ្ចប់ ដោយសារវិធីសាស្ត្រសម្ពាធនយោបាយសេដ្ឋកិច្ច។

*ប្រសិនបើ Zelensky បដិសេធមិនចុះហត្ថលេខា តើនឹងមានផលវិបាកអ្វីខ្លះ?

ភាពប្រទាំងប្រទើសនូវពាក្យសម្តីខ្លះរវាងលោក ដូណាល់ ត្រាំ និងលោក ហ្សេឡិនស្គី ដែលរងនូវសម្ពាធបង្ខំដើម្បីឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ៥០០ពាន់លានដុល្លារនោះ ត្រូវបានគេគិតមុននេះថា មេដឹកនាំអ៊ុយក្រែនរូបនោះ ទំនងនឹងអាចមានជម្រើសណាផ្សេងក្រៅពីការចុះហត្ថលេខា ពីព្រោះទំហំនៃទឹកប្រាក់ដែលសហរដ្ឋអាមេរិក តម្រូវឱ្យអ៊ុយក្រែនសងនោះ មានទំហំធំជាង៥ដង នៃចំនួនទឹកប្រាក់ជំនួយរបស់សហរដ្ឋអាមេរិក ដោយលោក ហ្សេឡិនស្គី បានចាត់ទុកថា វាមិនមែនជាបំណុលឡើយ និងលោក ហ្សេឡិនស្គី ខ្លួនឯងក៏បាននិយាយថា «ខ្ញុំមិនចុះហត្ថលេខាលើអ្វីមួយ ដែលប្រជាជនអ៊ុយក្រែន១០ ជំនាន់នឹងត្រូវចំណាយក្នុងពេលអនាគតនោះទេ»។ ប៉ុន្តែនៅទីបំផុតលោក Zelensky គ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីការចុះហត្ថលេខានោះ។ បើតាមលោក ដូណាល់ ត្រាំ ជំនួយអាមេរិកដែលបានផ្តល់ទៅអ៊ុយក្រែន មានប្រមាណពី ៣០០ពាន់លានដល់៣៥០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ត្រូវប្រមូលយកមកវិញ។ ប្រាក់ដែលអ៊ុយក្រែនជំពាក់នឹងត្រូវទូទាត់តាមរយៈកិច្ចសន្យាធ្វើអាជីវកម្មរ៉ែកម្ររបស់អ៊ុយក្រែន ដែលលោក ហ្សេឡិនស្គី នឹងត្រូវធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក និងជួបលោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខានៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៥។

*ប្រសិនបើលោក Zelensky បដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យានោះវិញ តើផលវិបាកសំខាន់ៗរបស់វាមានអ្វីខ្លះ?

១៖ ការថយចុះនៃការគាំទ្ររបស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump អាចនឹងកាត់បន្ថយ ឬដកទាំងស្រុងនូវជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ដែលអាចធ្វើឱ្យសមត្ថភាពរបស់រដ្ឋាភិបាលក្រុង Kyiv ចុះខ្សោយ និងជាកត្តាដែលធ្វើឱ្យរុស្ស៊ី កាន់តែបង្កើនឥទ្ធិពលលើសមរ ភូមិដណ្តើមយកទឹកដីអ៊ុយក្រែនកាន់តែច្រើនថែមទៀត។

មួយវិនាទីដែលលោក ហ្សេឡិនស្គី អល់អែកលើការចុះហត្ថលេខា គឺស្មើនឹងវិនាទី ដែលអ៊ុយក្រែនប្រឈមនឹងភាពបាត់បង់របស់ខ្លួន នៅលើសមរភូមិដោយការវាយប្រហារដ៏រន្ថើនរបស់រុស្ស៊ី។ រុស្ស៊ីថ្មីៗនេះបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មានលើអ៊ុយក្រែន ដោយប្រើប្រាស់ដ្រូនចំនួន ២៦៧គ្រឿង និងក៏មានការបាញ់មីស៊ីលបាលីស្ទីកចំនួន ៣គ្រាប់ផងដែរ។

ដូច្នេះបើគ្មានការគាំទ្រខ្លាំងពីសហរដ្ឋអាមេរិកទេ រុស្ស៊ីអាចនឹងឆ្លៀតយកឱកាសក្នុងការបង្កើនសកម្មភាពយោធារបស់ខ្លួន ដោយអាចបង្ខំអ៊ុយក្រែន ធ្លាក់ក្នុងស្ថានការណ៍កាន់តែស្មុគស្មាញ និងបង់តម្លៃកាន់តែច្រើនថែមទៀត។

២៖ អឺរ៉ុបកាន់តែបង្កើននូវបន្ទុកចំពោះអ៊ុយក្រែន

សហរដ្ឋអាមេរិក គឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេដើម្បីការជួយលើបុព្វហេតុអ៊ុយក្រែន។ ប្រសិនណាបើបាត់បង់ជំហរគាំទ្រពីសហរដ្ឋអាមេរិក គឺបន្ទុកដ៏ធ្ងន់នឹងត្រូវធ្លាក់ទៅលើសហភាពអឺរ៉ុប ខណៈស្ថានភាពសេដ្ឋកិច្ចតាមប្រទេសជាសម្ព័ន្ធមិត្តនៅទ្វីបអឺរ៉ុបនោះ កាន់តែស្ថិតក្នុងភាពប្រឈមលំបាកកាន់តែខ្លាំង។ ដូច្នេះអឺរ៉ុបទំនងនឹងមិនអាចជួយអ៊ុយក្រែន ឱ្យពេញដៃពេញជើងបានឡើយ។

៣៖ វិបត្តិនយោបាយផ្ទៃក្នុង

ការបដិសេធមិនចុះហត្ថលេខា អាចបង្កឱ្យមានភាពចលាចលនយោបាយក្នុងប្រទេសអ៊ុយក្រែន ដោយគណបក្សប្រឆាំង និងមេដឹកនាំយោធាអ៊ុយក្រែនអាចដាក់សម្ពាធឱ្យ Zelensky ពិចារណាឡើងវិញនូវជំហររបស់លោក ហ្សេឡិនស្គី ដោយផ្ទាល់។ ដូច្នេះពាក្យសម្តីរបស់លោក ហ្សេឡិនស្គី ដែលនិយាយថាលោក នឹងមិនចុះហត្ថលេខាលើអ្វីមួយដែលប្រជាជនអ៊ុយក្រែន១០ជំនាន់ នឹងចំណាយសងក្នុងពេលអនាគតនោះ គឺគ្រាន់តែជាសម្តីកម្លាចិត្តតែមួយពេលនោះប៉ុណ្ណោះ។

ហើយនៅទីបំផុត ទោះបីជាមានជម្រើសផ្សេងៗបែបណាក៏ដោយ ការរុញអ៊ុយក្រែនឱ្យធ្លាក់ចូលក្នុងអន្ទាក់ល្បែងនយោបាយសេដ្ឋកិច្ចនេះ នឹងពិបាកឱ្យលោក ហ្សេឡិនស្គី អាចរើខ្លួនចេញរួចឡើយ។ ការចុះហត្ថលេខាលើកិច្ចសន្យាធ្វើជំនួញរួមគ្នាជាមួយក្រុមហ៊ុនសាជីវកម្ម របស់សហរដ្ឋអាមេរិកដើម្បីដោះបំណុលបន្តិចម្តងៗ គឺជាជម្រើសដ៏ល្អបំផុតហើយសម្រាប់អ៊ុយក្រែន និងក៏អាចជួយកសាងប្រទេសអ៊ុយក្រែនសាឡើងវិញ តាមរយៈសហរដ្ឋអាមេរិកផងដែរ។

*តើសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ត្រូវបញ្ចប់ភ្លាមដែរឬទេ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាជំនួយ ៥០០ពាន់លានដុល្លារនោះ?

ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យា ៥០០ពាន់លានដុល្លារ អ៊ុយក្រែននឹងទទួលបានការធានាលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមកឡើយ។ ទូរទស្សន៍ CNN បានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន ដែលនិយាយថា កុងត្រាកិច្ចសន្យាត្រូវបានភាគីទាំង២ យល់ស្របគ្នារួចហើយបន្ទាប់ពីចំណុចមិនអំណោយផលខ្លះត្រូវបានគេដកចេញពីកិច្ចសន្យានោះរួចមក។ កុងត្រានៃកិច្ចសន្យានោះ នឹងក្លាយជាសន្លឹកបៀរដ៏ធំ ដែលអ៊ុយក្រែននឹងត្រូវប្រើប្រាស់ក្នុងទម្ងន់ចរចាជាមួយរុស្ស៊ី ដើម្បីការបញ្ចប់សង្គ្រាម។ ហើយដំណោះស្រាយនៃសង្គ្រាមត្រូវគេរំពឹងថា នឹងអាចរៀបចំធ្វើក្នុងសេណារីយ៉ូ ដូចតទៅនេះ៖

១៖ អ៊ុយក្រែនអាចប្រើសន្លឹកបៀរ នៃកិច្ចសន្យានោះដើម្បីរកប្រៀប

បើសិនជាកុងត្រានៃកិច្ចសន្យានោះ អាចជួយអ៊ុយក្រែនជាមួយនឹងការពង្រឹងសព្វាវុធ ការស៊ើបការណ៍សម្ងាត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយពេញលេញពីសហរដ្ឋអាមេរិក, អ៊ុយក្រែនអាចចាប់ផ្តើមតថ្លៃទាមទារនូវទឹកដីដែលរុស្ស៊ីកាន់កាប់។ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទំនងនឹងមិនឱ្យសន្លឹកបៀរដែលអ៊ុយក្រែនកាន់ក្នុងពេលចរចាជាសន្លឹកបៀរ ដែលអាចសម្លុតរុស្ស៊ីបានឡើយ។ មន្ត្រីសហរដ្ឋអាមេរិក បានបង្ហើបរួចមកហើយនូវការធ្វើសម្បទានពីភាគីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីការបញ្ចប់សង្គ្រាម ក្នុងនោះគឺការសម្បទានទឹកដី និងការធានាសន្តិសុខដល់អ៊ុយក្រែន។

២៖ ដំណោះស្រាយសន្តិភាពតាមរយៈការចរចា

ដោយសារតែការប្រឈមមុខនឹងកងកម្លាំងអ៊ុយក្រែនដែលគាំទ្រដោយប្រទេសលោកខាងលិច ជាមួយនឹងគ្រឿងសព្វាវុធដ៏ទាន់សម័យ រុស្ស៊ីអាចស្វែងរកដំណោះស្រាយការទូត ដែលរួមមានការធានាសន្តិសុខ ការកែតម្រូវទឹកដី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ច។ លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥ថា សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន អាចបញ្ចប់ក្នុងរយៈពេលច្រើនសប្តាហ៍ទៅមុខទៀតនេះ និងលោកថាមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ក៏នឹងអនុញ្ញាតឱ្យកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប ដាក់ពង្រាយក្នុងទឹកដីអ៊ុយក្រែន ដែលទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផងដែរ។ លោក ដូណាល់ ត្រាំ បានថ្លែងថាសហរដ្ឋអាមេរិក នឹងគាំទ្រការបញ្ជួនកងកម្លាំងអឺរ៉ុបដើម្បីត្រួតពិនិត្យការឈប់បាញ់គ្នា និងលោកថាលោកក៏បានពិភាក្សា រឿងនេះជាមួយនឹងមេដឹកនាំរុស្ស៊ី លោក ពូទីន ផងដែរ ដែលប្រមុខដឹកនាំវិមានក្រឹមឡាំង បានគាំទ្រទាំងស្រុងលើបញ្ហានេះ។

*តើតុល្យភាពអំណាចរបស់សកលលោក នឹងផ្លាស់ប្តូរដែរឬទេ?

ការចុះហត្ថលេខាលើកិច្ចសន្យា ៥០០ពាន់លានដុល្លារ និងដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី តាមរបៀបដូចបានឃើញមកនេះ ទំនងជានឹងបង្កើនឥទ្ធិពលអាមេរិកថែមទៀតតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិក ដែលជាប្រទេសគេជឿថាមានកម្លាំងយោធាដ៏ធំបំផុតមួយនៅ លើសកលលោកទៅហើយនោះ កំពុងបង្ហាញឥទ្ធិពលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈប្រធានាធិបតីថ្មីលោក ដូណាល់ ត្រាំ ដែលប្រើប្រាស់វិធីសាស្ត្រសេដ្ឋកិច្ចក្នុងការបំបាត់សង្គ្រាមនៅអ៊ុយក្រែន។

ដូច្នេះការចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៥០០ពាន់លានដុល្លារនេះ វាមិនត្រឹមតែជួយឱ្យអ៊ុយក្រែន បានបញ្ចប់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវឥទ្ធិពលរបស់សហរដ្ឋអាមេរិក ក្នុងភាពដ៏ឆ្លាតមួយ ក្នុងការដាក់គំនាបសេដ្ឋកិច្ច ដើម្បីបំបាត់សង្គ្រាមដែលអូសបន្លាយច្រើនឆ្នាំមកនេះ។ ដំណោះស្រាយនៃការបញ្ចប់សង្រ្គាមនេះ ក៏ជាមេរៀនមួយអំពីភាពវិវត្តន៍នៃសម្ព័ន្ធភាពសកល ដែលប្រើប្រាស់វិធីសាស្ត្រសេដ្ឋកិច្ចសម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ៕