(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា ជាមួយសមាជិកសហភាពអឺរ៉ុប និងម៉ិកស៊ិក បានធ្វើឡើងខណៈដែលលោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលស្វាគមន៍លោក សាឡា អ៉ីសា ស្ថានកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំកម្ពុជា ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរួមគ្នា។
ពិធីនេះមានតំណាងស្ថានកុងស៊ុលកិត្តិយស ប្រចាំនៅកម្ពុជាផ្សេងទៀតរួមមាន៖ កុងស៊ុលកិត្តិយសប្រទេសអូស្ត្រាលី H.E Markus Gridling, ស្ថានកុងស៊ុលអ៉ីតាលី H.E Aurelio Flacco, ស្ថានកុងស៊ុលស៊ុយអ៊ែត H.E Kim Tol Tan, ស្ថានកុងស៊ុលហូឡង់ H.E Gerhard Jan និងស្ថានកុងស៊ុលម៉ិកស៊ិក H.E Seng Takakneary។
កិច្ចប្រជុំនេះបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តជាបន្តរួមគ្នា របស់សមាជិកសហភាពអឺរ៉ុប និងម៉ិកស៊ិក ក៏ដូចជា៖ កម្ពុជា ក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេសឱកាសវិនិយោគក្នុងការស្វែងរកមធ្យោបាយ សម្រាប់ការកើនឡើង នៃការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា។ កិច្ចសន្ទនាពាក់ព័ន្ធនឹងការបញ្ជាក់អំពីបទប្បញ្ញត្តិ ការកំណត់វិស័យពាណិជ្ជកម្ម និងការដោះស្រាយបញ្ហាប្រឈម ដែលសហភាពអឺរ៉ុប និងម៉ិកស៊ិក ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
តាមរយៈកិច្ចប្រជុំនេះបានផ្តល់នូវវេទិកា សម្រាប់ផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ពន្ធដារ និងតំបន់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ដែលសហភាពអឺរ៉ុប និងម៉ិកស៊ិកបាននឹងកំពុងបន្តការគាំទ្រ។
ជាចុងក្រោយក្នុងជំនួបនេះ បានស្វែងយល់ពីយុទ្ធសាស្ត្រ ក្នុងការសម្រួលដល់លំហូរពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងម៉ិកស៊ិក និងធានាបាននូវការអនុលោមតាមស្តង់ដារអន្តរជាតិ។ ជំនួបនេះឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ របស់សហភាពអឺរ៉ុប និងម៉ិកស៊ិក ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការកសាងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងលើកកម្ពស់វិបុលភាពទៅវិញទៅមក៕