(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរមានប្រសាសន៍ថា ទឹកចិត្តរបស់បងប្អូនសិល្បករ សិល្បការិនី និងការផ្ដល់ការគាំទ្រជាសន្លឹកឆ្នោត របស់បងប្អូន, លោកជំទាវអ្នកឧកញ៉ានឹងរក្សានៅក្នុងចិត្ត នៅក្នុងស្មារតីប្រកបដោយគុណភាព និងខិតខំធ្វើការដើម្បីដឹកនាំសមាគមសិល្បករខ្មែរឲ្យរីកចម្រើន ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូ បន្តចូលរួមយ៉ាងសកម្មតាមរយៈការផ្ដល់ជាគំនិតយោបល់ ចែករំលែកបទពិសោធន៍ និងចំណេះជំនាញជូនដល់កូនក្មួយជំនាន់ក្រោយ។
ការថែងរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅចំណាន គឺបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺជាពេលវេលាប្រកបដោយមហានក្ខតត្តឬក្សវិសេសវិសាល ដែលសមាគមសិល្បករខ្មែរ រៀបចំកម្មវិធីសម្ពោធស្នាក់ការថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងឱកាសប្រសើរថ្លៃថ្លានេះ ក៏មានវត្តមានរបស់វីរសិល្បករ សិល្បករ ជាច្រើនរូបបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាសក្ខីភាព និងបង្ហាញពីសាមគ្គីភាពក្នុងរង្វង់សិល្បករ ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្នុងនោះសមាគមសិល្បករខ្មែរ បានដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសគឺការគាំពារដល់សិល្បករចាស់ជរា ពិការ បាត់បង់សមត្ថភាព ជាដើម។
សិល្បករដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្នាក់ការសមាគមនៅព្រឹកមិញនេះ បានសម្ដែងនូវភាពសប្បាយរីករាយ នូវឱកាសនៃការជួបជុំគ្នាដ៏កម្រមួយនេះ ព្រោះថា ពួកគាត់មានវ័យកាន់តែជរា មិនងាយនឹងបានជួបជុំគ្នាដូច្នេះទេ។ ជួបជុំគ្នានាពេលនេះ ពួកគាត់បានសួរសុខសុខគ្នាទៅវិញទៅមក និងរំលឹកអនុស្សាវរីយ៍ជាច្រើន ដែលធ្លាប់ហែលឆ្លងក្នុងវិស័យសិល្បៈនាពេលកន្លងមក។ ម្យ៉ាងទៀតសិល្បករចាស់ជរាមួយចំនួនអាចបន្តប្រកបអាជីពសិល្បៈបាន ហើយក៏មានមួយចំនួនទៀតមានសភាពទ្រុឌទ្រោម មិនអាចបន្តអាជីពនេះបានទៀតទេ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានទទួលស្វាគមន៍បណ្ដារសិល្បករទាំងអស់ដោយសេចក្ដីគោរព ប្រកបដោយភាពរួសរាយរាក់ទាក់ ស្និទ្ធស្នាលជាទីបំផុត ព្រមទាំងបានសំណេះសំណាលស្វែងយល់ពីសុខទុក្ខរបស់វីរៈសិល្បករ សិល្បកររៀមច្បងទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធីសម្ពោធការិយាល័យធ្វើការថ្មី សមាគមនៅព្រឹកនេះ។ លោកជំទាវអ្នកឧកញ៉ាប្រធានក៏បានយកឱកាសនេះ គោរពថ្លែងអំណរគុណដល់វីរៈសិល្បករ សិល្បកររៀមច្បង សិល្បករ សិល្បការិនី គ្រប់ជំនាន់ ជាពិសេសអតីតប្រធានសមាគមសិល្បករខ្មែរអាណត្តិមុន ដែលបានផ្ដល់កិត្តិយអញ្ជើចូលរួមក្នុងកម្មវិធីសម្ពោធការិយលា័យធ្វើការថ្មីរបស់សមាគមសិល្បករខ្មែរយ៉ាងអធិកអធមសប្បាយរីករាយ។ នេះជាសក្ខីភាពមួយ បង្ហាញពីការស្រឡាញ់ និងការយកចិត្តទុកដាក់រវាងសិល្បករ និងសិល្បករប្រកបស្មារតីសាមគ្គីភាព។
សារជាថ្មីម្ដងទៀត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានគោរពថ្លែងអំណរគុណដល់រៀមច្បងសិល្បករ និងសិល្បករទាំងអស់ ដែលបានគាំទ្រជឿទុកចិត្តបោះឆ្នោតដល់រូបលោកជំទាវកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា «ទឹកចិត្តមួយនេះ និងសន្លឹកឆ្នោត របស់បងប្អូននាងខ្ញុំនឹងរក្សានៅក្នុងចិត្ត នៅក្នុងស្មារតីប្រកបដោយគុណភាព និងខិតខំធ្វើការដើម្បីដឹកនាំសមាគមសិល្បករខ្មែរ រីកចម្រើន ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូ បន្តចូលរួមយ៉ាងសកម្មតាមរយៈការផ្ដល់ជាគំនិតយោបល់ ចែករំលែកបទពិសោធន៍ និងចំណេះជំនាញជូនដល់កូនក្មួយជំនាន់ក្រោយ»។
ជាចុងក្រោយលោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ សូមគោរពជូនពរដល់លោកគ្រូ អ្នកគ្រូ រៀមច្បងសិល្បករសូមមានសុខភាពល្អ ព្រមទាំងបន្តស្មារតីស្រឡាញ់ ស្នេហាជាតិ និងវិស័យសិល្បៈរបស់ជាតិយើង ដើម្បីជួយដល់យុវជនជំនាន់ក្រោយ ដែលជាអ្នកមានឧបនិស្ស័យស្រឡាញ់សិល្បៈវប្បធម៌ ធ្វើយ៉ាងណាឱ្យវិស័យសិល្បៈរបស់យើងបន្តរីកចម្រើន និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។
បន្ទាប់ពីសំណេះសំណាលសាកសួរសុទុក្ខ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បានប្រគល់នូវអំណោយជាថវិកាមួយចំនួនជូនដល់សិល្បកររៀមច្បងគ្រប់រូប ដែលបានចូលរួមនាឱកាសនោះ ព្រមទាំងបានថតរូបជាអនុស្សាវរីយ៍អមដោយបរិយាកាសសប្បាយរីកជាច្រើនទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីជាប់ឆ្នោតជាប្រធានសមាគមសិល្បករតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២ខែឧសភាឆ្នាំ ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដាក់ចេញផែនការសកម្មភាព៥ចំណុច សម្រាប់អាណត្តិទី៦ ដើម្បីអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ ក៏ដូចជាលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិជាអាថ៌៖
*ទី១៖ លើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសសក្តិសមជាសិល្បករ តំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកសិល្បករដែលពួកគាត់ជាកម្លាំងស្នូល។
*ទី២៖ កៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសក្នុងការជួយដល់ការលើកស្ទួយ សិល្បៈវប្បធម៌ ជាពិសេសស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដែលរក្សាខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិ ឈានឆ្ពោះទៅរកការគាំទ្រនូវឆាកអន្តរជាតិ។
*ទី៣៖ ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុងគោលបំណងផ្តល់ឱកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង ដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ និង ទេសចរណ៍ និងការអប់រំសីលធម៌សង្គមឱ្យបានកាន់តែប្រសើរ និងអាចចែករំលែកដល់ការគាំពារជួយ ទ្រទ្រង់សិល្បករចាស់ជរា និងអ្នកបាត់បង់សមត្ថភាព។
*ទី៤៖ បញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្តូរ វប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងប្លុកអាស៊ាន និងតំបន់ដទៃទៀតក្នុងពិភពលោក។
*ទី៥៖ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាល មានដូចជា កាកបាទក្រហម សភាពសហព័ន្ធយុវជនកម្ពុជា សមាគមកាយឫទ្ធិកម្ពុជា សមាគមពេទ្យស្ម័គ្រចិត្ត ធីតា ជាដើម។
បន្ថែមលើនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ រួមទាំងថ្នាក់ដឹកនាំដទៃទៀត តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម ក្នុងនោះការរៀបចំឱ្យមានស្នាក់ការ ដើម្បីបំពេញការងារសមរម្យក៏ជាការគិតគួរអទិភាព ក្នុងចំណោមកិច្ចការអទិភាពដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងបម្រើសេវានានាជូនសិល្បករ សិល្បការិនី ក៏ដូចជាសមាជិក សមាជិកាផងដែរ៕