(ឃុនមីង)៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីខេត្តសៀមរាប បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ ជួយព្យាបាលកុមារកម្ពុជា ចំនួន៥រូប ដែលបានទៅទទួលការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើត។

ក្នុងពេលជជែកជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai លោកអភិបាលរងបានគូសបញ្ជាក់ពី ការគាំទ្រនិងកិច្ចសម្របសម្រួល របស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការ YUNDI ដែល ចាប់ពីឆ្នាំ២០១៩មកបានសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គពាក់ព័ន្ធនានាក្រោមកិច្ចសម្របសម្រួល ពីរដ្ឋបាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាពកុមារនៅក្នុងស្រុកបន្ទាយស្រី និងបានគាំទ្រដល់ការបញ្ជូនកុមារ ដែលត្រូវបានក្រុមគ្រូពេទ្យកម្ពុជា-ចិនរកឃើញថាមានជំងឺបេះដូងពីកំណើត​យកមកវះកាត់និងព្យាបាលនៅប្រទេសចិន។

ដោយឡែកនាដើមឆ្នាំ២០២៥នេះ ក្រោមការចង្អុលបង្ហាញពីលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ទើបលោក ងន ប៊ុនធី ទទួលភារៈដឹកនាំកុមារីចំនួន២រូបមកទទួលការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតនៅប្រទេសចិន។ លោកអភិបាលរងបានរំលេចនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ថាប់ សារ៉ន និងលោក រិន ឡូត ដែលតាមរយៈប្រព័ន្ធទូរស័ព្ទបានទាក់ទងមកសួរសុខទុក្ខដល់ ក្រុមគ្រួសារកុមារ២រូបថែមទៀតផង។

ក្នុងសេចក្តីរំភើបរីករាយជាមួយក្រុមគ្រួសារកុមារទាំង៥រូបនេះ លោកអភិបាលរងស្រុកបន្ទាយស្រី បានថ្លែងអំណរគុណជាពន់ពេក ដល់ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី ដែលជានិច្ចកាលបានជ្រោមជ្រែងផ្តល់ថវិកាជួយរៀបចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះ ការស្នាក់នៅ ការហូបចុក និងប្រាក់ហោប៉ៅ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយស្រោចស្រង់ អាយុជីវិតរបស់កុមារទាំង៥រូបនេះឱ្យជាសះស្បើយ និងទទួលបានសុខភាពល្អ ដែលនេះជាក្តីបំណងប្រាថ្នារបស់យើងទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០១៨មក ដោយមានការសម្របសម្រួលពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបកុមារចំនួន១១៧រូប ដែលក្នុងនោះមាន៥រូបរស់នៅក្នុងស្រុកបន្ទាយស្រី បានជាសះស្បើយទាំងស្រុង ពីជំងឺបេះដូងពីកំណើតតាមរយៈការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូង Fuwaiខេត្តយូណាន ប្រទេសចិន។ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការ YUNDI នឹងបន្តជាស្ពានដ៏ប្រសើរ ក្នុងការជួយព្យាបាលដល់កុមារកម្ពុជា ដែលមានជំងឺបេះដូងពីកំណើត៕

វិទ្យុមិត្តភាពកម្ពុជាចិន