(កណ្ដាល)៖ លោក គឹម ហៀង អភិបាលរងស្រុកពញាឮ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យមើលទីតាំងដី ១កន្លែងដែលត្រូវបានបណ្ដាញព័ត៌មានផ្សព្វផ្សាយថា បានចាក់ដីរំលោភចូលទន្លេ ស្ថិតនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
លោកអភិបាលរង បានចាត់ក្រុមការងារបង្ហោះដ្រូនពីលើអាកាស ដើម្បីពិនិត្យពីស្ថានភាពពិត ហើយក៏បានសួរនាំមួយចំនួនពីអ្នកម៉ៅការអភិវឌ្ឍន៍ ជុំវិញការស្ថាបនាឱ្យស្របតាមស្តង់ដា ហើយហាមមិនឱ្យមានការចូលដីចូលទន្លេនោះទេ។
លោកអភិបាលរង បានថ្លែងថា ក្រោយពិនិត្យជាក់ស្ដែង មើលឃើញថា ម្ចាស់ដីពុំបានចាក់ដីលយចូលទន្លេឡើយ ហើយណែនាំឱ្យធ្វើច្រាំងឱ្យបានល្អ មិនត្រូវឱ្យប៉ះពាល់ទៅខាងទន្លេ ឬអ្នកជិតខាងឡើយ ពិសេសគោរពតាមបទដ្ឋានបច្ចេកទេស ការពារកុំឱ្យមានផលប៉ះពាល់ណាមួយកើតឡើង។
ជាមួយគ្នានេះ លោក លឹម ស្រូយ អ្នកទទួលម៉ៅការស្ថាបនា បានលើកឡើងថា ពិតណាស់ក្រុមការងារពុំបានដាក់ដីចូលទន្លេ និងដឹកដីរាប់រយឡានទាំងយប់ទាំងថ្ងៃនោះឡើយ។
លោកបានបន្តថា ផ្អែកតាមបច្ចេកទេស ក្រុមការងារគ្រាន់តែកាយអាចម៌ដីមាត់ទន្លេយកមកចាក់បរិវេណដីខាងលើប៉ុណ្ណោះ ដោយសារខ្វះអាចម៌ដី ទើបម្ចាស់ដីទិញអាចម៌ដីជាប្រភេទដីល្បាប់ជ្រាយៗ ដឹកតាមសាឡង់ពីទន្លេមេគង្គយកមកបន្ថែម សម្រាប់ធ្វើសួន ដាំស្មៅ ដាំដំណាំហូបផ្លែ និងដាំបន្លែធម្មជាតិតែប៉ុណ្ណោះ ម្ចាស់គាត់ថាពេលដាំដំណាំគាត់អោយប្រជាពលរដ្ឋក្នុងភូមិស្ម័គ្រចិត្តចូលរួមដាំបន្លែ ពេលបានផលចែកអ្នកភូមិ និងដាក់បន្លែខាងមុខផ្ទះចែកទានអ្នកឆ្លងកាត់ផ្លូវទៀតផង។ ពិសេសនោះគឺក្រុមការងាររៀបចំខាងច្រាំងទន្លេឱ្យស្អាត និងមិនឱ្យលយចូលខាងទន្លេឡើយ។ បើសិនជាខាងអាជ្ញាធរចាំបាច់ត្រូវការអភិវឌ្ឍច្រាំងទន្លេ នោះខាងម្ចាស់ដីនឹងគោរពតាមកិច្ចសន្យាដោយគ្មានទាមទារអ្វីឡើយ៕