(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដោយផ្ដោតលើការបង្ការ និងទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈឆ្នាំ២០២៤កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន២,៨៤៤លើក។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានអះអាងថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺភាគច្រើនដោយសារតែកត្តាប្រើប្រាស់ល្បឿនលឿនកម្រិតកំណត់ ដូច្នេះការងារកំណត់ល្បឿនត្រូវតែបន្ដយកចិត្តទុកដាក់បន្ថែមទៀត។
បើតាមលោកអភិសន្ដិបណ្ឌិត ស សុខា, ចំពោះការរិះគន់រឿងនគរបាលផាកពិន័យលើអ្នកបើកបរលើសល្បឿនកំណត់នៅតាមបណ្ដាញសង្គម គឺជាវិញ្ញាសារមួយដែលត្រូវពិនិត្យឡើងវិញផងដែរ។ ប៉ុន្ដែលោកយល់ឃើញថា ប្រសិនបើប្រជាពលរដ្ឋមានស្មារតីគោរពច្បាប់ បើកបរតាមច្បាប់កំណត់ មិនត្រូវខ្លាច ឬរិះគន់ការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ឡើយ ព្រោះកត្តាលឿននៅតែឈរលំដាប់លេខ១ ដែលនាំឲ្យមានគ្រោះថ្នាក់កើតឡើង។
លោកអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដពង្រឹងការអនុវត្តច្បាប់ដោយផ្ដោតទៅលើការបង្ការ ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសតាមរយៈទិន្នន័យដែលបានបង្ហាញ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបណ្ដាលឲ្យស្លាប់ គឺអ្នកបើកលើសល្បឿនកំណត់។ ចឹងបញ្ហាល្បឿននេះនៅតែជាបញ្ហាមួយកំពុងក្ដៅគគុក [...] បើយើងគោរពច្បាប់ជាពិសេសល្បឿននេះ គ្មានអ្នកណាទៅផាកពិន័យទេ»។
ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានស្នើឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដរួមគ្នាប្ដេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចាត់វិធានការណ៍ម៉ឺងម៉ាត់ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៥ឲ្យសម្រេចបានជោគជ័យ ជាពិសេសកំណត់យក១៥ភាគរយ ប្រៀបធៀបឆ្នាំ២០២៤។ ក្នុងនោះត្រូវពិនិត្យ និងវាយតម្លៃលើផែនការរបស់ខ្លួនដែលមានស្រាប់ ដើម្បីយកទៅអនុវត្តឲ្យចំទិសដៅ។
បន្ថែមពីនេះ លោកបានណែនាំឲ្យយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ ក្នុងនោះបូកទាំងការលក់ដូរជាដើម មិនត្រូវអនុញ្ញាតឲ្យលក់ដូរនៅគៀកផ្លូវពេកនោះទេ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ លោកបានលើកឧទាហរណ៍ជាក់ស្ដែង នៅប្រទេសថៃកន្លងទៅថ្មីៗនេះ ករណីអ្នកបើករថយន្ដធុនធំងងុយដេក ហើយជ្រុលទៅបើករះតាមដងផ្លូវ បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់។
បើតាមរបាយការណ៍របស់លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងសរុប ២,៨៤៤លើក (យប់៥៧%) បណ្តាលឲ្យស្លាប់ ១,៥០៩នាក់ និងរបួស ៣,៧២០នាក់ (ធ្ងន់ ២,២៧៣នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% សញ្ញាចរាចរណ៍១% ងងុយ១% កត្តាផ្លូវ១% និងកត្តាអាកាសធាតុ១%។
ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ ចំនួន៨០% ( ១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៧%(៨០៧/១ ២០៦នាក់)។ គ្រោះថ្នាក់ បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៨៩៦លើក ព្រះសីហនុ ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក។ បើគិតក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៧៣លើក ស្មើ១៤% (២ ៨៤៤៣ ៣១៧ លើក) ចំនួនអ្នកស្លាប់ថយចុះ ៨១នាក់ ស្មើ៥% (១ ៥០៩/១ ៥៩០នាក់) និងចំនួនអ្នករបួសថយចុះ ៧៩៥នាក់ ស្មើ១៨% (៣ ៧២០/៤ ៥១៥នាក់)៕