(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងថា សម្លៀកបំពាក់គឺជាផ្នែកមួយនៃវប្បធម៌ ដែលបញ្ជាក់ពីរឹសគល់អរិធម៌ដ៏ចំណាស់ និងជាអត្ដសញ្ញាតជាតិសាសន៍នីមួយៗ។

ហេតុដូច្នេះការថែរក្សាអនុវត្ដ និងលើកតម្កើងកេរ្ដិ៍តំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូបភាព ដោយត្រូវយល់ច្បាស់ពីតម្លៃ កេរ្ដិ៍តំណែល អត្ថន័យនៃសម្លៀកបំពាក់របៀបរបរនៃការប្រើប្រាស់នៅតាមកម្មវិធី និងពេលវេលា ព្រមទាំងការចូលរួមផ្សាយកម្រិតជាតិ និងអន្ដរជាតិផងដែរ។

លោកជំទាវបណ្ឌិតបានបន្ដថា «នាងខ្ញុំជឿជាក់ថា ក្នុងនាមយើងទាំងអស់ជាជនជាតិខ្មែរ យើងមិនចង់ឱ្យកូនចៅជំនាន់ក្រោយ ក្លាយទៅជាជនជាតិដែលគ្មានវប្បធម៌ គ្មានប្រពៃណី ហើយគ្មានសម្លៀកបំពាក់ប្រចាំជាតិសាសន៍ខ្លួនឯងនោះទេ»

ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមលើកទឹកចិត្ដដល់ការបង្កើតប្រព្រឹត្ដិការផ្សេងៗប​ន្ថែមទៀតដើម្បីពង្រឹងការយល់ដឹង ការបង្កើតសម្លៀកបំពាក់ ការប្រើប្រាស់សម្លៀកបំពាក់ ប្រពៃណីនានា។

សូមជម្រាបថា «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ភរិយាថ្នាក់ដឹកនាំតាមបណ្ដាក្រសួង-ស្ថាប័ននានា និងប្រជាពលរដ្ឋខ្មែរសាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប៕