(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៧២០,៣០៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ហៅកាត់ថា «អ៉ិនរ៉េន»។
កិច្ចសន្យាផ្តល់ជំនួយត្រូវ បានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានិង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា (ថវិកា ចំនួន ២៤៥.៨៧២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)
នៅក្នុងគម្រោងនេះ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ មានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវះកាត់។ លើសពីនេះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាអ្នកជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឱ្យបានត្រឹមត្រូវ។
និងទី២៖ ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមត្តេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ (ថវិកាចំនួន ៤៧៤,៤៣២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA)
នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តនឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារ ដែលគាំទ្រដល់ការដោះស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។ លើសពីនេះ អង្គការសន្តិស្ម័គ្រចិត្តមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសកម្មភាព នៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពី ឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេស កម្ពុជា។