(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំពាវនាវដល់សិល្បករ អ្នកច្នៃមូដ អ្នកសម្អាងការទាំងអស់ គួរតែពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុល ទៅតាមតម្រូវការរបស់ទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរយើង។

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងទៀតថា នាពេលបច្ចុប្បន្ននេះ បានសង្កេតឃើញថា នៅតាមបណ្ដាញសង្គមនានាក៏ហាក់មានសន្ទុះនៃការប្រើប្រាស់នូវសម្លៀកបំពាក់ប្រពៃជាតិ ពីសំណាក់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាស្រទាប់យុវ័យ និងតារាសម្ដែង ដែលជាសញ្ញាដ៏វិជ្ជមាន និងជាការបង្ហាញឱ្យឃើញសេក្ដីគោរពស្រលាញ់ ប្រពៃណី វប្បធម៌ជាតិ ព្រមទាំងការប្រើប្រាស់ប្រកបដោយមោទនកភាពខ្ពស់។ ទោះស្ថិតនៅក្នុងសម្ពាធសកលភាវូបនីយកម្ម ដែលពោរពេញទៅដោយការឆ្លងទៅវិញទៅមក ទាំងក្នុងតំបន់ និងលើពិភពលោកយ៉ាងណាក៏ដោយ ក៏នៅតែសង្កេតឃើញបងប្អូនប្រជាពលរដ្ឋយើងចាប់ផ្ដើមរៀនបែងចែកនូវប្រភេទសម្លៀកបំពាក់ ប្រពៃណីទៅតាមមុខងារ និងទៅតាមវិធី។

ជាមួយគ្នានេះនៅក្នុងពិធីមង្គលការជាដើម ក៏សង្កេតឃើញថា បានឈានទៅដល់កម្រិតប្រឹងប្រៀងមួយគួរជាទីមោទន ទាំងក្បួនខ្នាត ក្បាច់ក្បូរ និងសម្ភារៈប្រើប្រាស់ ហើយសម្លៀកបំពាក់យើងគួរតែស្លៀកប្រវែងណា គឺបច្ចុប្បន្នឃើញមានការព្រឹតព្រៀង តាមក្បួនខ្នាតច្រើនជាងពីមុន ។ ប៉ុន្ដែទោះបីជាទិដ្ឋភាពវិជ្ជមាននៅក្នុងសង្គមរបស់យើង ក៏មានការប្រើប្រាស់ខុសទម្រង់ និងខុសពេលវេលា ព្រមទាំងមានលក្ខណៈជាការរិះគន់ ស្ថាបនាមួយចំនួនផងដែរ ទៅលើរបៀបប្រើប្រាស់ និងប្រភពដើមនៃផលិតផល ដោយសារតែយើងមានភាពស្រពិចស្រពិល អំពីទម្រង់ក្បាច់លំអរ របៀបប្រើប្រាស់ពេលវេលាសមស្របនៃការប្រើប្រាស់សម្លៀកបំពាក់ ក៏ដូចជាប្រភេទផ្សេងនៃផលិតផលខ្មែរ ឬផលិតនាំចូលពីក្រៅប្រទេស។

«ដូច្នេះនាងខ្ញុំស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គប្បីពង្រឹងការផ្សព្វផ្សាយតាមគ្រប់រូបភាពតាមដែលអាចធ្វើបាន ឱ្យកាន់តែសកម្ម មានភាពទាក់ទាញ និងភាពច្នៃប្រឌិត ដើម្បីចៀសវាងនៃការយល់ច្រឡំ នានាជាយថាហេតុ ទៅលើសម្លៀកបំពាក់ប្រពៃណីខ្មែរយើង និងសូមជូនជាយោបល់ទៅដល់សិល្បករ អ្នកច្នៃម៉ូត អ្នកសម្អាងការទាំងអស់ ថាគួរតែពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកខ្លាំងពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុល ទៅតាមតម្រូវការរបស់ទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរយើង។ ខ្ញុំមិនបានហាមឃាត់ថាមិនឱ្យមានច្នៃម៉ូតថ្មីនោះទេ ប៉ុន្ដែរាល់ការច្នៃម៉ូតថ្មីទាំងអស់ គឺត្រូវគិតគូរទៅតាមទម្រង់ ទៅតាមសម័យកាល ទៅតាមខ្នាត
ទៅតាមអត្ដសញ្ញាណ ភាពលម្អិតនៃការដេរប៉ាក់ ក្បាច់ក្បូរស្បៃផាហ៊ុំ និងប្រភេទដែលប្រើប្រាស់ ក៏ដូចជាតម្បាញ សម្រាប់ការគោរពបូជាព្រះពុទ្ធសាសនាផងដែរ»។ ការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោកជំទាវបណ្ឌិតបានសង្ឃឹមថាការគោរពបាននូវលក្ខណៈដើម នៃសម្លៀកបំពាក់ខ្មែរ គឺជាការចូលរួមដ៏សំខាន់ដល់កិច្ចការអភិរក្សអត្ដសញ្ញាណខ្មែរ តាមរយៈសម្លៀកបំពាក់ ដែលដូនតាយើងបានបង្កើតតាមទស្សន យកធម្មជាតិមកធ្វើជាក្រណាត់ ជាក្បាត់រចនា ហើយយកក្រណាត់ដែលមានក្បាច់រចនា មកគ្របដណ្ដប់លំអ រាងកាយ ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាទីគោរពស្រលាញ់ ជាពិសេសគឺយុវជន យុវវ័យ សូមបន្ដចូលរួមស្វែងយល់ប្រើប្រាស់ និងផ្សព្វផ្សាយនូវសម្លៀកបំពាក់ ប្រពៃណី ដែលជាសម្បតិ្ដកិត្ដិភណ្ឌអរូបិយ ដ៏ល្អឯក ដែលបង្កប់ដោយភាពច្រើនម៉ូត ច្រើមទម្រង់ក្បាច់រចនាប្រណិត ចម្រុះពណ៌គួរឱ្យទាក់ចិត្ដភ្នែក សមរម្យ ហើយថ្លៃថ្នូរ សុភាពទន់ភ្លន់ ស្រស់ស្អាត នឹងលើកទម្រង់និងសម្រស់៕