(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦ សហការជាមួយ មន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យមើល ទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារចាស់ និងនៅតាមផ្ទះ លក់ទំនិញ និងគ្រឿងសមុទ្រមួយចំនួន ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀម រាប ខេត្តសៀម រាប ។
មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារ ដែលកំពុង ដាក់តាំងលក់ នៅតាមបណ្តាតូប និងផ្ទះមួយចំនួន រួមមាន អំបិលអ៊ីយ៉ូត ស្ពៃជ្រក់ មមែងជ្រក់ ត្រសក់ជ្រក់ សណ្តែកបណ្តុះ ខ្ញីហាន់រួច មីសរសៃលឿង ប្រហិតសាច់គោ សាច់ក្រក មឹកក្លាសេ និង បង្គារក្លាសេ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid , Sodium Hydrosulfite, Borax និង Formalin នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ចំពោះផលិតផលវេចខ្ចប់រួច និងផលិតផលម្ហូបអាហារកំប៉ុង ក៏ក្រុមការងារពុំបានរកឃើញផលិតផលប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ដែរ ។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ។
ឆ្លៀតឳកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ។
មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕