(ភ្នំពេញ)៖ អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នឹងរៀបចំកិច្ចប្រជុំកំពូលឥស្លាមស្តីពី «ឥស្លាម និងពុទ្ធសាសនា»ដែលជាកិច្ចប្រជុំដំបូងគេនៅប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដែលពិធីបើកនឹងប្រព្រឹត្តឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គការសម្ព័ន្ធពិភពឥស្លាម។

កិច្ចប្រជុំកំពូលឥស្លាមនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូបរទេសប្រមាណ២០០នាក់ មកពី៣៥ប្រទេស និងមានអ្នកចូលរួមសរុបប្រមាណ១,០០០អង្គ/នាក់។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការកសាងនូវសង្គមមួយប្រកបដោយសន្តិភាព សហវិជ្ជមាន និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ លោកបណ្ឌិតបន្តថា កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ជាប្រទេសគំរូ ដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមិនធ្លាប់មានជម្លោះ ឬអំពើហិង្សាសាសនានោះទេ។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា នៅកម្ពុជាមានប្រជាជនចំនួនប្រមាណ១៧ លាននាក់ ក្នុងនោះមានសាសនិកឥស្លាមប្រមាណ៥ ភាគរយ។ លោកបន្តថា កម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋទូទៅ ដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង ស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការរីកចម្រើនឥតឈប់ឈរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានរំលេចពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើន ចំពោះសហគមន៍ឥស្លាម ក្នុងនោះ សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតួនាទី នៅតាមជួររាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ចូលក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា ចំនួន ១៥០០ នាក់ និងគ្រូជាប់កិច្ចសន្យា ១៧៨នាក់ តាំងពីឆ្នាំ២០១៥ ដែលទទួលប្រាក់បៀវត្សរ៍សរុបប្រមាណ៦.៦លានដុល្លារអាមេរិក ក្នុង១ឆ្នាំ។

ជាមួយគ្នានេះ លោកបណ្ឌិតបានលើកឡើងថា ការរៀបចំកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទឥស្លាមនិងពុទ្ធសាសនានេះ នឹងអនុញ្ញាតឲ្យប្រទេសនានាបានសិក្សារៀនសូត្រពីបទពិសោធន៍របស់កម្ពុជា ក្នុងការកសាងនូវភាពសុខដុម ការអត់ឱន និងការរស់នៅប្រកបដោយសន្តិសហវិជ្ជមានរវាងប្រជាជនចម្រុះជាតិសាសន៍ និងសាសនា។

សូមជម្រាបជូនថា អង្គការសម្ព័ន្ធពិភពឥស្លាម ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអូឌីត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយទីស្នាក់ការ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ(UN) អង្គការសហប្រតិបត្តិការឥស្លាម (OIC) សមាជិកនៃអង្គការអប់រំ និងវប្បធម៌ (UNESCO) សមាជិកនៃអង្គការកុមារពិភពលោក (UNICEF) សមាជិកអង្គការ OCHA សមាជិកអង្គការ ECOSOC សមាជិកអង្គការ WFP សមាជិកអង្គការ UNHRC សមាជិកអង្គការ UNRWA សមាជិកអង្គការ WHO សមាជិកអង្គការ ICRC និងជាអង្គការដៃគូជាមួយធនាគារអភិវឌ្ឍន៍ឥស្លាម IsBD ផងដែរ។

អង្គការអន្តរជាតិឥស្លាមធំមួយនេះ បង្កើតឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការឥស្លាម និងមនុស្សធម៌ នៅទូទាំងសកលលោក ដែលមានលោកបណ្ឌិត មហាំម៉ាត់ ពិន អាប់ឌុលការីម អាល់អ៊ីសា ជាអគ្គលេខាធិការ ហើយមានការិយាល័យជាច្រើនដែលគ្របដណ្តប់៩៥ប្រទេស៕