(ប៉េណាង-ម៉ាឡេស៊ី)៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅថ្ងៃទី ២៦ ខែកុម្ភៈនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារ សាងគ្រីឡា រ៉ាសា សាយ៉ាង ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅក្រោមមូលបទ «ការរួបរួមគ្នារបស់អាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព» បានផ្តោតលើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាន ព្រមទាំងគិតគូលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមយន្តការ ADMM និង ADMM-Plus។
ថ្លែងបើកកិច្ចប្រជុំលោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានថ្លែងថា៖ «មូលបទដែលបានដាក់ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋ មន្ត្រីការពារជាតិអាស៊ាន គឺដើម្បីបង្កើនឱ្យមានភាពល្អប្រសើរ សម្រាប់ប្រជាជាតិតំបន់អាស៊ានរបស់យើង»។
លោកបានបញ្ជាក់ថា៖ «សាមគ្គីភាពរបស់អាស៊ានគីមានសារៈសំខាន់បំផុត។ បញ្ហាសន្តិសុខ និងការប្រឈមនានាក្នុងតំបន់ គ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានទេ យើងត្រូវតែពង្រឹងសមត្ថភាពរួមរបស់យើង ក្នុងការឆ្លើយតប ក៏ដូចជាការធ្វើការយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីរក្សាស្ថេរភាពក្នុងតំបន់ទៅថ្ងៃអនាគត»។
ថ្លែងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន, នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកមូលបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសម៉ាឡេស៊ី ជាប្រធាន គឺបានបង្ហាញពីសេចក្តីប្រាថ្នារួម របស់យើងក្នុងការពង្រឹងភាពស្អិតល្មួត និងសាមគ្គីភាពរបស់អាស៊ានក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ «យើងជួបជុំគ្នានៅទីនេះ ក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ការកើនឡើងនូវភាពស្មុគស្មាញនៃថាមភាពភូមិសាស្ត្រនយោបាយ, ល្បឿននៃការរីកចម្រើននៃ បច្ចេកវិទ្យា និងការកើនឡើងនៃការគំរាមកំហែងឆ្លងដែន ទាមទារឱ្យមានការឯកភាពគ្នានិងការឆ្លើយតបរួមគ្នា។ ភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ត្រនយោបាយនៅមិនទាន់ធូរស្បើយទេ ហើយថែមទាំង កំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗ។ នៅក្នុងបរិបទនៃបញ្ហាដ៏លំបាកទាំងនេះ ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា៖ ភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) នៅតែជាបញ្ហាដែលទាមទារការយកចិត្តទុកដាក់របស់យើង»។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ក្នុងបរិបទនេះ អាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ ដោយបង្ហាញថាការរួបរួម និងកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាការគិតប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាព។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា៖ «ចាប់តាំងពីឆ្នាំ២០២២ ប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើងក្នុងវិស័យសំខាន់ៗចំនួន៣ គឺកិច្ចសហប្រតិបត្តិការលើការឃុំគ្រងជំងឺរាតត្បាត, ការពង្រឹងការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មថែរក្សាសន្តិភាព, និងការជំរុញការសហការក្នុងផ្នែកអប់រំនៃវិស័យការពារជាតិ។ ឯកឧត្តម បានសម្តែងនូវជំនឿជឿជាក់ថា ៖ គំនិតផ្តួចផ្តើមទាំងនេះនឹងមិន ត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ថាប័នរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការលើកកម្ពស់ មុខមាត់អាស៊ានក្នុងឆាកអន្តរជាតិជាពិសេសទាក់ទងនឹងការចូលរួមរបស់ស្ត្រីអាស៊ានក្នុងប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»៕