(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា កីឡារស់ក្នុងសន្តិភាព កីឡាជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឱ្យមានការប្រកួតកីឡានាពេលនេះ។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានធ្វើឡើងក្នុងឱកាសបើកការប្រកួតប្រឡងប្រណាំង ៨ វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៤ ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលពិធីនេះប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន តំណាងឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានឱ្យដឹងថា ការប្រកួតប្រឡងប្រណាំង ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥នេះ មាន៨វិញ្ញាសារ ក្នុងនោះមាន វិញ្ញាសារដោះរៀបអាវុធបីប្រភេទ, វិញ្ញាសារសណ្តាប់ធ្នាប់ជួរទ័ព និងលំហាត់ប្រាណយោធា, វិញ្ញាសារលំហាត់ប្រាណយោធា, វិញ្ញាសារអូស-រុញរថយន្តទម្ងន់៧តោន, វិញ្ញាសាររត់ប្រដាប់អាវុធចម្ងាយ៧គីឡូម៉ែត្រ, សែងប្រង់ការ៥០ ចម្ងាយ៤គីឡូម៉ែត្រ, ឆ្លងកាត់ឧបសគ្គទាំង២៥, វិញ្ញាសារបាញ់អាវុធវែងអាកា៤៧ បីចម្ងាយ បីកាយវិការ និងវិញ្ញាសារបាល់ទះ និងដោយមានកីឡាករចូលរួមចំនួន ២២ក្រុម មកពីកងឯកភាពចំណុះបញ្ជាការដ្ឋានអង្គរក្ស។ ការប្រកួតនេះ ចាប់ផ្ដើមធ្វើការប្រកួតជម្រុះ ពីថ្ងៃ២៦ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ការរៀបចំការប្រកួតប្រឡងប្រណាំងនេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឱ្យបានមួយប្រភេទ។
នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា៖ «យើងសូមអរគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន ដែលបាននាំមកនូវការឯកភាពជាតិពេញលេញនូវទូទាំងប្រទេស។ ដោយសារកត្តាសុខសន្តិភាពនេះហើយ ដែលបានធ្វើឱ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ»។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយប្តូរពីការប្រើប្រាស់គ្រឿងញៀនមកជាការការលេងកីឡា ពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន ពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំងបី គឺស្មោះត្រង់ បម្រី និងលះបង់ ការពារប្រមុខថ្នាក់ដឹកនាំ និងក្រុមគ្រួសារលុះអវសាន្តនៃជីវិត ហើយបោះទ័ពនៅទីណា ត្រូវជួយប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋស្រលាញ់ ពេលចេញទៅឱ្យប្រជាជននឹករលឹក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រកាសថានឹងផ្តល់ជូនរង្វាន់លើកទឹកចិត្តជ័យលាភី សម្រាប់ក្រុមកីឡាចំណាត់ថ្នាក់លេខ១ នូវថវិកាចំនួន ៣ពាន់ដុល្លារសហរដ្ឋអាមេរិក។
សូមរំលឹកថា នៅក្នុងព្រឹត្តិការណ៍បាល់ទះ «តេជោលីក» ដែលជាការប្រកួតលីកអាជីពនោះ គឺក្រុមកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស បានគ្រងជើងឯក ២ឆ្នាំជាប់ៗគ្នា គឺក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ៕