(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីសារៈសំខាន់របស់ EIA និងមិនចង់ឃើញការវិនិយោគណាមួយដែលនាំឱ្យមានការបំពុលដល់បរិស្ថាននោះទេ ប៉ុន្តែ គឺត្រូវការរាល់ការវិនិយោគទាំងឡាយដែលនាំមកនូវចីរភាពទាំងការវិនិយោគ ទាំងការងារដែលប្រជាជនទទួលបានពីការវិនិយោគ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកយ៉ាងដូច្នេះថា៖ «EIA មានន័យថា ការវាយតម្លៃហេតុផលប៉ពាល់បរិស្ថាន ហើយមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើធ្វើអ្វីមួយយើងមិនបានវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានទេ យើងមិនដឹងទេថាតើអ្វីដែលយើងធ្វើហ្នឹងប៉ះពាល់ដល់បរិស្ថានបែបណា»។

លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកឡើងពីការដាក់ចេញយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ដោយផ្តោតលើមុំចំនួន៣ គឺភាពស្អាត បៃតង និងចីរភាព។ ហើយភាពស្អាត មានភាពស្អាតលើមេឃ ភាពស្អាតលើដី និងភាពស្អាតលើទឹក។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ឆ្លងតាមរយៈការសិក្សារួចហើយ ក្រសួងនឹងឱ្យក្រុមហ៊ុន ត្រូវធ្វើយ៉ាងណាបញ្ចៀសឱ្យខានតែបាននូវផលប៉ះពាល់បរិស្ថាន ដែលនាំផលពិបាកទៅដល់សង្គមជាតិ ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។ ចំណុចនេះ គឺជាសារៈសំខាន់របស់ EIA ហើយលោកចង់ធានាឱ្យការវិនិយោគមួយដែលនាំមកនូវចីរភាព ទាំងការវិនិយោគ ទាំងការងារដែលប្រជាជនទទួលបានពីការវិនិយោគ។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ៗថា៖ «ក្រសួងបរិស្ថាន មិនចង់បានការវិនិយោគណាមួយនាំឱ្យមានការបំពុលបរិស្ថាន»។ ដូច្នេះ អំពីតួនាទី និងការអនុវត្តការងាររបស់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៃក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវតែអនុវត្តតាមច្បាប់ ដើម្បីភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងផ្ទៃមេឃ។

ជាមួយគ្នា លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអវិជ្ជមាន ផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម ស្ថិរភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ។ ចំណែកការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ក៏ប្រព្រឹត្តទៅសមស្របតាមច្បាប់ជាធរមាន ត្រឹមត្រូវ និងមានតម្លាភាព៕