(ភ្នំពេញ)៖ លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទទួលបន្ទុកផ្នែកព័ត៌មាន ត្រូវបានតុលាការកំពូលសម្រេចនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ ដោយបដិសេធចំពោះការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន។ កន្លងទៅលោក មាជ សុវណ្ណារ៉ា ស្នើសុំចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ។
ការសម្រេចនេះធ្វើឡើងដោយកំបាំងមុខលោក មាជ សុវណ្ណារ៉ា ដោយសារលោក មាជ សុវណ្ណារ៉ា ស្នើសុំមកតុលាការកំពូល មិនចូលរួមការស្តាប់សាលដីកា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោកស្រី គិម សត្ថាវី សម្រេចបែបនេះដោយសំអាងថា សំណុំរឿងលោក មាជ សុវណ្ណារ៉ា បានធ្លាក់ដល់រឿងអង្គសេចក្តីរួចហើយ ណាមួយលោក មាជ សុវណ្ណារ៉ា ត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោស២០ឆ្នាំរួចហើយដែរ។ ដូច្នេះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំបណ្តោះអាសន្នជារឿងត្រឹមត្រូវ។
លោក ជូង ជូងី មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចរបស់តុលាការកំពូល ជារឿងមិនត្រឹមត្រូវ ព្រោះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេស មុនពេលតុលាការផ្តន្ទាទោស។ ទោះបីយ៉ាងណា លោកមេធាវី ជូង ជូងី នឹងពិភាក្សាជាមួយកូនក្ដី ដើម្បីធ្វើយ៉ាងណាទៀតចំពោះករណីនេះ។
គួររំលឹកថា លោក មាជ សុវណ្ណារ៉ា ជាប់ចោទពីបទ «ដឹកនាំកុបកម្ម និងអំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ៕