(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលជួបពិភាក្សាការងារ និងតម្រង់ទិសនៅក្នុងការរៀបចំគោលនយោបាយជាតិស្តីពីការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថល ជាមួយក្រុមការងារបច្ចេកទេសជាន់ខ្ពស់របស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានអ្នកជំនាញពីររូបគឺលោក GARDIYAWASAM AMAL DARSHANA និងលោក SYED AAMIR។

យោងតាមសំណើរបស់ក្រសួងព័ត៌មាន តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនទៅសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ITU បានបញ្ជូនក្រុមការងារបច្ចេកទេសជាន់ខ្ពស់ មកជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងព័ត៌មាន ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍ទូរទស្សន៍ ឌីជីថល កម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ ITU ធ្វើការពិនិត្យឡើងវិញទៅលើការជំរុញរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយដើម្បីវាយតម្លៃលើការផ្សព្វផ្សាយឌីជីថលបច្ចុប្បន្ន និងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូក ទៅទូរទស្សន៍ឌីជីថល។

ជាមួយនេះជួយពិនិត្យរៀបចំគោលនយោបាយគាំទ្រដល់វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ពិសេសធ្វើយ៉ាងណាជំរុញឱ្យការផ្សព្វផ្សាយបានគ្រប់ដណ្តប់នៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីលើកកម្ពស់ការទទួលព័ត៌មានរបស់ប្រជាជនបានគ្រប់ៗគ្នាតាមរយៈព័ត៌មានប្រកបដោយគុណភាព ជំនឿជឿជាក់ និងទាន់ចិត្ត។

គួរបញ្ជាក់ដែរថា ក្នុងពេលថ្មីៗកន្លងមកនេះ នាយកសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់ Asia and Pacific តាមរយៈវិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD អញ្ជើញមកសិក្សាស្វែងយល់ពីមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលនឹងឈានឆ្ពោះទៅការផ្លាស់ប្តូរប្រពន្ធ័ផ្សាយពីអាន់ណាឡូក ទៅប្រពន្ធ័ឌីជីថល៕