(ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដុះខាត់ខ្លួនឱ្យក្លាយជាទំពាំងស្នងឫស្សី សិស្សល្អ យុវជនគំរូ ដើម្បីឆ្លើយតបទៅនឹងសង្គមកំពុងរីកចម្រើន ប្រទេសកំពុងអភិវឌ្ឍន៍ផ្នែកឌីជីថល គឺសង្គមជាតិត្រូវការអ្នកចេះ មានជំនាញពិតប្រាកដ តបស្នងសងគុណឪពុក ម្តាយ បងប្អូន លោកគ្រូ អ្នកគ្រូ តាមរយៈការប្រឹងប្រែងរៀនសូត្រនេះឯង។

ការជំរុញបែបនេះរបស់លោក សាមុត សុធារិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយដល់សាលាក្នុងសាលារៀនចំនួន៤ ក្រុងកំពង់សោម១សាលារៀន និងស្រុកព្រៃនប់ចំនួន៣សាលារៀនក្នុងនោះរួមមាន៖ អនុវិទ្យាល័យ បិតត្រាំងមិត្តភាពចាំងស៊ូ អនុវិទ្យាល័យ ហ៊ុនសែនអណ្ដូងថ្ម អនុវិទ្យាល័យ សំរុង និងអនុវិទ្យាល័យ ដូងប្រេងតានៃ វគ្គអប់រំផ្សព្វផ្សាយនេះធ្វើឡើងដោយមានការចង្អុលបង្ហាពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។

លោកអភិបាលរងបានថ្លែងថា សព្វថ្ងៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ពោលក្នុងរយៈពេលជាង១០ឆ្នាំខាងមុខវិស័យនានា ក្នុងខេត្តមួយនេះនឹងរីកចម្រើនដែលចំបាច់ណាស់ត្រូវការធនធានមនុស្សសំខាន់ដូចប្អូនៗទៅបម្រើការងារក្នុងវិស័យទាំងអស់នោះ។

លោកបានលើកឡើងថា បើប្អូនមិនខិតខំសិក្សា​ទេ នោះយើងនឹងក្លាយជាទំពាំងស្អុយ អាចក្លាយខ្លួនទៅអ្នកញៀនថ្នាំ ប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ជាយុវជនដែលសង្គមស្អប់ខ្ពឺម ប្រទេសមានច្បាប់ គ្រួសារមានវិន័យ មានទោសទាន់ជាប់គុកច្រវ៉ាក់បាត់បង់ឱកាសសិក្សា ការតបស្នងសងគុណដល់អាណាព្យាបាលដែលលោកខិតខំចិញ្ចឹមបីបាច់ថែរក្សាកន្លងមក បាត់បង់ឱកាសដែលសង្គមត្រូវការនាពេលខាងមុខ។

លោក សាមុត សុធារិទ្ធ គូសបញ្ជាក់ថា ក្រៅពីខិតខំសិក្សាត្រូវថែរក្សាសុខភាពក៏ជាការសំខាន់ ព្រោះក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវលិខិត៣ ហើយក៏សូមអោយលោកគ្រូ អ្នកគ្រូជួយផ្សព្វផ្សាយ ទី១. ការហូបចុកមិនត្រូវអោយមានគ្រឿងកំប៉ុង នំកញ្ចប់ដែលភាគច្រើនសុទ្ធសឹងជាអាហារប៉ះពាល់សុខភាព, ទី២. អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត យើងត្រូវចេះលាងសម្អាតខ្លួនប្រាណមុនហូបចំណីអាហារ សម្អាតធីធ្លារសាលារៀនអោយបានរៀបរយ, និងទី៣. ពាក់ព័ន្ធហ្នឹងការប្រើប្រាស់បារី, បារីអេឡិចត្រូនិចជាដើម។

តាមរយៈការចុះអប់រំតាមសាលារៀនប្រមាណជាង១០សាលាមកនេះ លោកសង្កេតឃើញថាយុវជនយើងភាគច្រើននៅលើវិស័យអប់រំនេះមានការរីកចម្រើនច្រើនជាងសម័យមុនគួរកត់សម្គាល់ ពោលគឺមានសាលារៀនស្អាត សម្ភារៈគ្រប់គ្រាន់​ដែលចំណាយថវិការច្រើនរួមមានថវិការរដ្ឋ និងសប្បុរស់ធម៌ជាដើម ដូច្នេះសូមប្អូនៗទាំងអស់ចូលរួមខិតខំថែរក្សាទាំងអស់គ្នា ព្រោះវាជាសម្បត្តិរួម៕