(ភ្នំពេញ)៖ លោក សំ សិទ្ធិសិរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី២០ ២១ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាជាលើកទី២ ជាមួយតំណាងមកពីគ្រឹះស្ថានអប់រំជាដៃគូទាំង៦ (CADT, RUPP, ITC, NUM, AUPP, PIU) ដាច់ដោយឡែកពីគ្នាដើម្បីពិភាក្សាលម្អិតលើសំណើសុំការគាំទ្ររបស់គ្រឹះស្ថានអប់រំនីមួយៗ ក្នុងទិសដៅចូលរួមពង្រឹងគុណភាពអប់រំ និងផលិតធនធានជំនាញឌីជីថលប្រកបដោយគុណភាពឆ្លើយតបនឹងតម្រូវការទីផ្សារ និងជាពិសេសរួមចំណែកដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។
តំណាងសាកលវិទ្យាល័យនីមួយៗ បានធ្វើបទបង្ហាញពីសំណើសុំការគាំទ្រ បន្តដោយកិច្ចពិភាក្សាលើលទ្ធភាពគាំទ្រដោយ ក.ប.ទ. និងបានបញ្ចប់ដោយមតិយោបល់ជាមួយការកំណត់ការងារបន្តសម្រាប់សាកលវិទ្យាល័យនីមួយៗ។
ក.ប.ទ. កំពុងបន្តពិនិត្យលទ្ធភាពផ្តល់ការគាំទ្រលើកិច្ចការខាងលើ ក្រោមទម្រង់ការផ្តល់ជាអាហារូបករណ៍ដល់និស្សិតឆ្នើម ការចូលរួមពង្រឹងគុណភាពកម្មវិធីសិក្សា ការពង្រឹងគុណវុឌ្ឍិសាស្ត្រាចារ្យ និងលទ្ធភាពផ្សេងៗទៀតយោងតាមតម្រូវការចាំបាច់ជាក់ស្តែងរបស់សាកលវិទ្យាល័យ៕