(កំពង់ស្ពឺ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទៅមន្ត្រីទូទាំងមន្ទីរ និងស្ថាប័នជុំវិញខេត្តទាំងអស់ ដែលចុះត្រួតពិនិត្យតាមរោងចក្រ ត្រូវមានការឯកភាពពីលោក ចៀសវាងមានព័ត៌មាន និងការចោទប្រកាន់ថាទៅប្រមូលលុយឱ្យលោក។

ការប្រតិកម្ម របស់លោកអភិបាលខេត្តបានធ្វើឡើងក្រោយមានការបង្ហោះតាមបណ្តាញសង្គមថា អ្នកវិនិយោគរើចេញពីខេត្តដោយសារទ្រាំនឹងការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ ខណៈអាជ្ញាធរខេត្តបានខិតខំសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីសម្រួលការលំបាកជូនបណ្តាអ្នកវិនិយោគិននានា ដែលមកបណ្តាក់ទុនរកស៉ីនៅក្នុងខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា រាល់មន្ទីរ អង្គភាពនៅជុំវិញខេត្តដែលចុះទៅត្រួតពិនិត្យ នៅតាមបណ្តាលរោងចក្រ សហគ្រាស គឺត្រូវតែមានទិដ្ឋការពីរដ្ឋបាលខេត្ត ទើបអនុញ្ញាតឱ្យចុះ បើមិនដូច្នេះទេ ចាត់ទុកថាប្រធានមន្ទីរ មានកំហុសឆ្គងជាមួយរដ្ឋបាលខេត្ត។

លោកអភិបាលខេត្ត បានលើកឡើងយ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំលឺពាក្យចចាមអារាម ថារាល់មិនអ្នកវិនិយោគទុនដែលចង់មករកស៉ីនៅខេត្តកំពង់ស្ពឺ ទាល់តែបង់រាប់ពាន់ រាប់ម៉ឺនដុល្លារ ចុះបើខ្ញុំយលរាប់ម៉ឺន ខាងអ្នកវិនិយោគទុននោះគេព្រមឱ្យខ្ញុំទេ? ប្រសិនបើខ្ញុំយករាប់ម៉ឺនមែនសួរថាតើក្នុងខែមករា យើងអាចទទួល១៧គម្រោងទេ យើងនិយាងអញ្ចេះ អ៊ឹចឹងចំណុចនេះខ្ញុំចាប់ផ្តើមបើកការស៊ើបអង្កេត គ្រប់រោងចក្រទាំងអស់ថាមានបុគ្គលណាទៅទំនាក់ទំនងយកខ្ញុំទៅប្រើ ឬយ៉ាងម៉េច?»

ជាមួយគ្នានេះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានឱ្យដឹងថា លោកបានកំណត់អត្តសញ្ញាណបានហើយចំពោះបុគ្គលម្នាក់ដែលយកឈ្មោះអភិបាលខេត្តទៅប្រើដើម្បីផលប្រយោជន៍ផ្ទាល់ ដែលជាមន្ត្រីនគរបាលនៅក្រុងច្បារមន ដូច្នេះ សូមអភិបាលក្រុង និងស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវធ្វើលើកិច្ចការងារនេះឱ្យខានតែបាន៕

សូមស្តាប់ការលើកឡើងរបស់លោក ជាម ច័ន្ទសោភ័ណ ដូចខាងក្រោម៖