(ភ្នំពេញ)៖ សព្វថ្ងៃកំណើននៃប្រជាជន មកទទួលសេវាសុខាភិបាល ដោយប្រើប្រាស់បណ្ណសមាជិក ប.ស.ស បណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល មានការកើនឡើងគួរឱ្យកត់សំគាល់ នៅតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរពេទ្យព្រះអង្គឌួង មានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាល ចន្លោះពី ២៥០០-៣,០០០នាក់ ក្នុងនោះប្រើប្រាស់បណ្ណ ប.ស.ស ប្រមាណ១៧០០នាក់ និងមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលប្រមាណជាង ៦០០នាក់ និងជាង៥០០នាក់ប៉ុណ្ណោះ ដែលប្រើប្រាស់ថវិការបស់ខ្លួន ដើម្បីពិនិត្យ និងព្យាបាលជំងឺ។ នេះបើតាមការបញ្ជាក់របស់លោក នង ម៉ានិត នាយករងមន្ទីរពេទ្យព្រះអង្គឌួង ។
លោក យ៉ាន ប៊ុនហ៊ត រស់នៅខេត្ដព្រះវិហារ ដែលជាអ្នកជំងឺមួយរូប ក្នុងចំណោមអ្នកជំងឺផ្សេងទៀតបានប្រើប្រាស់បណ្ណ ប.ស.ស ដើម្បីព្យាបាលរបួសរបស់ខ្លូន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ដោយសារតែលោកមានរបួសត្រូវត្រង់ភ្នែកធ្ងន់ធ្ងរ ដូច្នេះទើបលោកសម្រេចចិត្ដមកពីខេត្ដ មកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង និងប្រើប្រាស់បណ្ណ ប.ស.ស។
លោក យ៉ាង ប៊ុនហ៊ត បានឱ្យដឹងថា «ខ្ញុំមកព្យាបាលមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប្រាស់បណ្ណ ប.ស.ស គឺគ្រូពេទ្យបានយកចិត្ដទុកដាក់ គ្រាន់តែឃើញសភាពនៃរបួសរបស់ខ្ញុំ គឺលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មិនបង្អង់យូរ ត្រូវរងចាំឯកសារអ្វីទេ គឺបញ្ជូនខ្ញុំទៅបន្ទប់ព្យាបាលភ្លាមៗ ហើយឯកសារធ្វើតាមក្រោយ។ ខ្ញុំសប្បាយចិត្ដណាស់ ដែលព្យាបាលអត់អស់លុយហើយ សេវាកម្មរបស់គ្រូពេទ្យល្អទៀត ហើយយកចិត្ដទុកដាក់មកលើយើងណាស់ ។ដូច្នេះខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលបានយកចិត្ដទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង ។ទន្ទឹមនឹងនោះខ្ញុំក៏សូមអរគុណគ្រូពេទ្យ បានព្យាបាលឱ្យខ្ញុំបានធូរសះស្បើយពីជំងឺ»។
ចំពោះប្រជាពលរដ្ឋមួយរូបទៀត ដោក អោក ដែលរស់នៅរាជធានីភ្នំពេញ មកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើបណ្ណមូលនិធសមធម៌របស់រាជរដ្ឋាភិបាល បានលើកឡើងថា លោកបានមកមន្ទីរពេទ្យតាំងពីម៉ោងជិត៧ព្រឹក ដើម្បីមកពិនិត្យបញ្ហាត្រង់ឆ្អឹងជំន្នីបន្ទាប់ពីក្រឡាប់រ៉ឺម៉ក ។មកដល់ភ្លាមគឺធ្វើការចាប់លេខ រង់ចាំ ព្រោះអ្នកជំងឺច្រើន ហើយមុនបានជួបលោកគ្រូពេទ្យ គឺត្រូវរង់ចាំយូរដែរ តែពេញចិត្ដនឹងចាំ ព្រោះថាអ្នកជំងឺមកច្រើន។
លោកថ្លែងទាំងរីករាយថា «ខ្ញុំមកតាំងពីម៉ោង៧ព្រឹក មកដល់ភ្លាមចាប់លេខភ្លាម តែដោយសារតែប្រជាពលរដ្ឋយើងច្រើន ដូច្នេះហើយត្រូវរងចាំយូរបន្ដិច តែខ្ញុំសប្បាយចិត្ដនឹងការរង់ចាំនេះ ដោយសារតែអ្នកជំងឺច្រើនហើយពេលខ្ញុំមកដល់ ចឹងគ្រូពេទ្យទទួលពិនិត្យអ្នកជំងឺតាមលេខរៀង ។ម្យ៉ាងនៅពេទ្យអង្គឌួង គ្រូពេទ្យរួសរាយ និងយកចិត្តទុកដាក់អ្នកជំងឺយើងណាស់ ហើយថ្នាំល្អ ពូកែតែម្ដង លេបឆាប់ជាសះស្បើយ»។
តាមការលើកឡើងរបស់លោក នង ម៉ានិត នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា មន្ទីរពេទ្យព្រះអង្គឌួង សព្វថ្ងៃកំណើននៃប្រជាពលរដ្ឋដែលលោកមកទទួលសេវាសុខភាពដោយប្រើប្រាស់បណ្ណ័សមាជិក ប.ស.ស បណ្ណ
សមធម៌ មានការកើនឡើងគួរឱ្យកត់សំគាល់។ នេះគឺបង្ហាញពីការរាប់អានផ្តល់ទំនុកចិត្តពីអ្នកជំងឺ និងក្រុមគ្រួសារសាច់ញាត្តិ។
លោកបន្ដថា អ្នកជំងឺដែលមកទទួលសេវា ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងមួយថ្ងៃៗមានប្រមាណពី ២៥០០-៣០០០នាក់ ។ក្នុងនោះអ្នកប្រើប្រាស់បណ្ណ ប.ស.ស ចន្លោះពី១៥០០-១៧០០នាក់, ប្រើបណ្ណមូលនិធិសមធម៌ជាង ៥០០-៦០០នាក់ និងព្យាបាលដោយបង់ថ្លៃ ប្រមាណ ៥០០នាក់ប៉ុណ្ណោះ។ ដូច្នេះក្នុងនោះឃើញថាបងប្អូនយើងប្រើប្រាស់បណ្ណប.ស.សមានចំនួនជាងគេ ដែលអាចនាំឱ្យមានការរង់ចាំខ្លះ
មុនពេលបានទទួលសេវាក្នុងមន្ទីរពេទ្យ ប៉ុន្ដែគ្រូពេទ្យនៅពិនិត្យព្យាបាលទាល់តែអស់ ដោយមិនឱ្យបងប្អូនយើង រង់ចាំហើយដោយមិនបានទទួលបានការព្យាបាលនោះទេ។
ក្នុងឱកាសនោះលោកបានថ្លែងបន្ដថា «ក្នុងនាមតំណាងឱ្យក្រុមគ្រូពេទ្យ ខ្ញុំគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជឿជាក់ដល់មន្ទីរពេទ្យយើង និងសូមការអភ័យទោសផងរាល់ការខ្វះខាត យើងខ្ញុំជាថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនឹងបន្តខិតខំយកចិត្តទុកដាក់ និងទទួលយកការផ្តល់មតិយោបល់ចូលរួមស្ថាបនា គាំទ្រដំណើរការដ៏រឹងមាំនៃមន្ទីរពេទ្យដើម្បីអោយការផ្តល់សេវាប្រកបដោយគុណភាព ភាពពេញចិត្តឈរលើក្រមសីលធម៌ និងវិជ្ជាជីវៈ»៕
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកអញ្ជើញកិច្ចសម្ភាសទាំងស្រុង៖