(ចិន)៖ ទោះបី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត ដែលនឹងបន្តចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សូមជម្រាបថា ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ត្រូវបានធ្វើឡើងនៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន នារាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយលោក Wang Xudong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ចិន ហើយក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក WANG Kai អភិបាលខេត្តហឺណាន លោក Wang Zhanying សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានមន្ទីរឃោសនាការ ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ និងប្រជាជនចិនជាង១,៥០០នាក់ផងដែរ។

ភាគីទាំងពីរបានលើកឡើងពីគោលបំណងចង់ឱ្យបន្តជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិនបន្តទៀត ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និង «កិច្ចសហការប្រតិបត្តិការត្បូងពេជ្រ» ឱ្យកាន់តែរឹងមាំថែមទៀត។

តាមរយៈពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នេះ កម្ពុជា-ចិននេះដែរ គឺមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពលើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕