(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា សម្ដេចបានឆ្លងជំងឺកូវីដ១៩ ជាថ្មីម្ដងទៀត បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។
តាមរយៈបណ្ដាញសង្គម សម្ដេចតេជោបានប្រកាសលុបចោល កម្មវិធីជួបភ្ញៀវមួយចំនួន ហើយនឹងមិនមានវត្តមាន ដឹកនាំនៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានៅថ្ងៃស្អែកនេះឡើយ។
សម្ដេចបានបញ្ជាក់ដូច្នេះថា «ដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភា នាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ កុម្ភះ ២០២៥ខាងមុខ។ ខ្ញុំសូមជំរាបថាពេលនេះខ្ញុំមានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ»។
សម្ដេចបានបញ្ជាក់ទៀតថា ជំងឺកូវីដមិនទាន់ទៅណាឆ្ងាយទេ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕