(ព្រះវិហារ)៖ លោកបណ្ឌិត នាង ផាត ប្រធានគណៈកម្មាធិការទី៤ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ជួបសំដែងការគួរសមជាមួយលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន សុីថា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ពិសេសដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរមុខងារសាធារណៈ និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តព្រះវិហារ។
លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានរាយការណ៍អំពីស្ថានភាពទូទៅរបស់ខេត្ត និងលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះវិស័យជាអាទិភាពដែលមានសក្តានុពលសំខាន់ៗក្នុងខេត្តព្រះវិហារ មានដូចជា វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យទេសចរណ៍ និងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុង ព្រមទាំងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវ។
លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលជាការងារអាទិភាពចម្បងមួយ ដែលមានភាពប្រទាក់ក្រឡា ក្នុងការអនុវត្តអភិក្រមរបស់រាជរដ្ឋាភិបាលចំនួន៥ គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ដើម្បីកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធាណៈ។ព្រមទាំងបានគាំទ្រ និងជំរុញដល់មន្ទីរជំនាញក្នុងការកសាងសមត្ថភាព និងបំពេញលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួនដូចជា ការកសាងធនធានមនុស្ស ការៀបចំយន្តការ និងរបៀបរបបការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសហការការលើកទឹកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ។
បានចុះបំពេញបេសកកម្មតាមដានការអនុវត្តច្បាប់នៅតាមក្រុង ស្រុកទាំង៨ ចំនួន៤៨លើក និងបានចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ ១៤៦អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីសម្បទានដីសេដ្ឋកិច្ច និងលិខិតបទដ្ឋានពាក់ព័ន្ធនានា ចំនួន២៦ក្រុមហ៊ុន ដែលបានវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងបានសហការគាំទ្រដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធក្នុងការតាមដាន និងផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត និងការរៀបចំវេទិកាសាធារណៈចំនួន១៥លើក ដែលមានសមាសភាពចូលរួមសរុប៥.៦៣០នាក់ និងបានទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ នឹងការងារអធិការកិច្ចចំនួន០២ករណី។
ថ្លែងក្នុងឱកាសនោះលោកបណ្ឌិត នាង ផាត បានលើកឡើងថា នឹងពាំនាំយកនូវរបាយការណ៍ព័ត៌មានបច្ចុប្បន្នភាព ដែលទទួលបានពីអង្គប្រជុំនាថ្ងៃនេះទៅជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា និងជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាបន្តទៀត។ បន្ថែមពីនេះលោកក៏បានផ្សព្វផ្សាយអំពីសមិទ្ធផលការងារថ្មីៗ របស់ព្រឹទ្ធសភា និងគណៈកម្មការទី៤ នៃព្រឹទ្ធសភា នាឱកាសនោះផងដែរ៕