(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចដើម្បីឈានឆ្ពោះទៅបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews» ក្នុងខែមីនាខាងមុខនេះ ក្នុងគោលបំណងលុបបំបាត់ព័ត៌មានក្លែងក្លាយ។
យុទ្ធនាការនេះក៏ជាការផ្តល់ចំណេះដឹងបន្ថែមទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ ហើយរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។
នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងាររៀបចំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews» លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews» ក្នុងខែមីនាខាងមុខនេះ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់ចំណេះដឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ នាពេលដ៏ខ្លីខាងមុខនេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបង្ហាញយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាជំហានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។
តាមរយៈការត្រៀមរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews» នេះ ត្រូវបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការដែលមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន, លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អនុប្រធានអចិន្ត្រៃយ៍ រួមទាំងអនុប្រធាន ២រូបផ្សេងទៀត និងសមាជិក១១រូប។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews» គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមានប្រភពមិនច្បាស់លាស់។
សូមបញ្ជាក់ផងដែរថា បញ្ហាព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហាដាច់ដោយឡែកសម្រាប់កម្ពុទេ វាជាបញ្ហាសកលដែលទាមទារឱ្យមានវិធានឆ្លើយតបសមស្រប៕