(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំលើកទី៤៤ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤៤ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។

ដោយឡែកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៥៥ពាក្យប្ដឹង។

ជាមួយគ្នានេះកត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ៤៧៦ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ២៦១ រូប ដោយឡែកមន្ត្រី ២១៥ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយ មូលហេតុលាឈប់ និងចប់អាណត្តិ។

សម្រាប់ការងារអប់រំ ក្រុមការងារ អ.ប.ព. ដឹកនាំដោយលោក សយ ច័ន្ទវិចិត្ត ឧបការី បានធ្វើបទបង្ហាញ ស្តីពីខ្លឹមសារ សំខាន់ៗ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញមកពីសាលាចំនួន ១៦ នៃក្រុងបានលុង, ស្រុកបរកែវ និងស្រុកអូរជុំ ចំនួន ១៩៧រូប ហើយបានប្រព្រឹត្តធ្វើឡើងក្នុង ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ការបង្ការទប់ស្កាត់ អ.ប.ព. បានចូលរួមសង្កេតការណ៍ ការប្រឡងជ្រើសរើសបេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលបានរៀបចំ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ បំពេញការងារ ចុះសង្កេតការព ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤៧គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១៥ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

អំពីការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ (អសប) លើការអនុវត្តការប្រយុទ្ធប្រឆាំងអំពើពុក រលួយតាមរយៈយន្តការអនុសញ្ញា អសប ប្រឆាំងអំពើពុករលួយ UNCAC (អ៊ុន កាក់) ជុំទី២ អនុសញ្ញា អសប ប្រឆាំងអំពើពុករលួយ មាន ៨ជំពូក ក្នុងនោះ ៤ជំពូក មានខ្លឹមសារសម្រាប់ អសប ធ្វើការត្រួតពិនិត្យការអនុវត្តការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងរដ្ឋសមាជិកហត្ថលេខី នីមួយៗបានយ៉ាងដូចម្តេច ហើយឱ្យផ្តល់អនុសាសន៍យ៉ាងណា? ៤ជំពូកនេះ រួមមាន៖

+ជំពូកទី៣: អំពើពុករលួយជាបទឧក្រិដ្ឋ នៃការអនុវត្តច្បាប់
+ជំពូកទី៤: កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ (ខ្លឹមសារនៃជំពូកទាំង ២ នេះ កម្ពុជាត្រូវបានត្រួតពិនិត្យរួចហើយ)
+ជំពូកទី២: ការបង្ការទប់ស្កាត់អំពើពុករលួយ
+ជំពូកទី៥ ការរឹបអូសមកវិញនូវទ្រព្យសម្បត្តិពុករលួយ (ខ្លឹមសារនៃជំពូកទី២ ក្រោយនេះ កំពុងរៀបចំសន្និដ្ឋាន និងវាយតម្លៃបញ្ចប់ការត្រួតពិនិត្យ)

*អ្នកជំនាញការអង្គការសហប្រជាជាតិបានពន្លេចនូវភាពជោគជ័យ និងការអនុវត្តល្អៗរបស់កម្ពុជា ដូចជា៖

-ការផ្តល់សារសំខាន់ នៃគោលនយោបាយប្រឆាំងអំពើពុករលួយដោយបានទទួលស្គាល់ថា ជាគោលដៅនយោបាយស្នូលរបស់រាជរដ្ឋាភិបាល
-កិច្ចសហការ (អ.ប.ព.) ជាមួយវិស័យឯកជន ក្នុងការប្រឆាំងអំពើពុករលួយ តាមរយៈការ ចុះ MoU និងគំនិតផ្តួចផ្តើមផ្សេងៗជាច្រើន
-ការចូលរួមយ៉ាងសកម្មរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ក្នុងបណ្តាញ EGMONT ដែលសម្របសម្រួលការផ្លាស់ប្តូរព័ត៌មានក្នុងបរិបទនៃការស៊ើបអង្កេតបទល្មើស ពុករលួយឆ្លងដែន និងការទាមទារមកវិញនូវផលនៃបទល្មើស (Asset Recovery)។
-អ្នកជំនាញការ អសប បានពិនិត្យនិងផ្តល់អនុសាសន៍ដល់កម្ពុជា ពាក់ព័ន្ធនឹងជំពូកទី២, មាន១៦ អនុសាសន៍ (អបព ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា) ជំពូកទី៥ មាន១០អនុសាសន៍ ដែលមានស្ថាប័ន ចំនួន១១ ទទួលពិនីត្យ និងកែលំអ៕