(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រ់ការកសាងវិមាន ស្តូប ឈ្នះឈ្នះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារពិជ័យសេនា» (អគាររដ្ឋបាល និងព័ត៌មាន) នៃវិមានឈ្នះឈ្នះ។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មរបស់ក្រុមការងារ ចាប់តាំងពីថ្ងៃ បើកការដ្ឋានសាងសង់ រហូតមកដល់ការសម្រេចបាននូវសមិទ្ធផលនាថ្ងៃនេះ ដែលជាការឆ្លុះ បញ្ចាំងអំពី «ការធ្វើសមាហរណកម្មនៃការកសាងស្ថាបត្យកម្មសំណង់រូបវ័ន្ត បម្រើដល់ខ្លឹមសារទាំងទស្សនៈនិងគំនិត» ឱ្យបានឋិតថេរយូរអង្វែងជាមួយគ្នា។ ក្នុងនោះមានអង្គភាពសេនាតេជោ ជាសេនាធិការ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ តាមរយៈការគ្រប់គ្រងថែរក្សា សំណង់ ការបណ្តុះធនធានមនុស្ស ផ្នែកមគ្គុទ្ទេសក៍ និងការងារប្រវត្តិសាស្ត្រយោធា ការរៀបចំអត្ថាធិប្បាយ និងទទួលបដិសណ្ឋារកិច្ចជូនប្រតិភូជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ មហាជន និងស្ថាប័ន គ្រឹះស្ថានអប់រំនានា បានចូលមកទស្សនា និងសិក្សាឈ្វេងយល់អំពីស្ថាបត្យកម្មដ៏មានអត្ថន័យជា ប្រវត្តិសាស្ត្រ នៅវិមានឈ្នះឈ្នះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ស្របជាមួយនេះសម្តេចពិជ័យសេនា ទៀ បាញ់ សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោក ស្រីតំណាងគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជននានា ដែលបានសហការចូល រួមគាំទ្រ ដល់ក្រុមការងារឱ្យដំណើរការបានជោគជ័យ និងសម្រេចតាមផែនការគ្រោងទុក។

តាមរយៈរបាយការណ៍របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមាន ឈ្នះឈ្នះ តំណាងឱ្យគណៈកម្មការសម្រាប់ការសិក្សា និងរៀបចំសាងសង់វិមានឈ្នះឈ្នះ អំពីលទ្ធផលសម្រេចបានកន្លងមកនេះ គួរឱ្យកត់សម្គាល់ និងជាទីមោទនៈ ដោយបង្ហាញច្បាស់នូវមុខងារនៃការប្រើប្រាស់អគារនេះ សម្រាប់ជាអគារពហុបំណងក្នុងការផ្តល់ ព័ត៌មាន សាលអាន បណ្ណាល័យ សាលពិព័រណ៍ សាលប្រជុំ បន្ទប់គ្រប់គ្រងទិន្នន័យ និងសេវាកម្ម នានា។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមរម្លឹកបន្ថែមនូវសារបានខ្លះនៃដំណើការសាងសង់អគារនេះ ដែលបានចាប់ផ្តើម រៀបចំពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងគោលបំណងដ៏ធំបំផុត គឺក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ សម្រាប់រាល់ការចូលទស្សនកិច្ចនៅទីនេះ ដែលមុនទាំង អស់ គឺត្រូវមកស្តាប់បទឧទ្ទេសនាមទាក់ទងទៅនឹងអត្ថន័យ គោលបំណង និងចក្ខុវិស័យវិមានឈ្នះឈ្នះ ជាមួយនឹងការចាក់បញ្ចាំងនូវខ្សែវិដេអូប្រវត្តិសាស្ត្រ ដើម្បីទទួលបាននូវព័ត៌មានបឋម ជាមូលដ្ឋានគ្រឹះ ដូចនៅតាមបណ្តាសារមន្ទីរផ្សេងៗនៅប្រទេសខាងក្រៅផងដែរ។ ប៉ុន្តែវិបត្តិ រីករាលដាលនៃជំងឺកូវីដ១៩ ជាសកល បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការសាងសង់ ជាមួយនឹងការជូនដំណឹងឱ្យផ្អាកការដ្ឋានសាងសង់ ដោយពិចារណាសិក្សាកែសម្រួលជ្រើសរើស ទីតាំងថ្មី ឬការប្តូរប្លង់បច្ចេកទេសសាងសង់ថ្មី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មក។ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបគណៈកម្មការសម្រេចរក្សាទីតាំងចាស់ ឈរលើប្លង់ បច្ចេកទេសដើម និងត្រូវបានអនុញ្ញាតឱ្យបន្តការដ្ឋានរហូតដល់សាងសង់រួចរាល់ជាស្ថាពរ។

អនុវត្តតាមផែនការដំណាក់កាលទី៥ នៃការសាងសង់វិមានឈ្នះឈ្នះ ការដាក់ឱ្យប្រើប្រាស់នូវអគារពិជ័យសេនា គឺជាអាទិភាពមួយ សម្រាប់ប្រែក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់ការផ្តល់ព័ត៌មានបឋម មុននឹងឈានទៅការទស្សនា សិក្សាឈ្វេងយល់អំពីវិមានឈ្នះឈ្នះ ដែលមានទំនាក់ទំនងផ្សាភ្ជាប់គ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ក្រៅពីសារមន្ទីរតេជោសន្តិភាព ដែលជា ចំណុចពិសេសនៃហេដ្ឋារចនាសម្ព័ន្ធនៃវិមានឈ្នះឈ្នះ។ អគារពិជ័យសេនា នឹងផ្តល់នូវព័ត៌មាន ពេញលេញប្រៀបដូចជាបេះដូង និងសសៃឈាម ឬម្យ៉ាងទៀតប្រៀបដូចនឹងខួរក្បាលដែលមាន គ្រប់សរីរាង្គ។ ភាពចាំបាច់រវាងអគារពិជ័យសេនា ជាមួយនឹងសារមន្ទីរតេជោសន្តិភាព គឺជាការឆ្លុះ បញ្ចាំងឱ្យគ្នាទៅវិញទៅមក ត្រង់ថានៅទីតាំងនេះគឺជាការរៀបរាប់ ការតាំងបង្ហាញជាខ្លឹមសារ ឬព័ត៌មានដែលបានមកពីភាពជាក់ស្តែង និងជាសញ្ញាណដំបូងសម្រាប់ជូនដល់អ្នកទស្សនា រីឯក្នុង ពេលដំណើរទស្សនាតាមលំហូរប្លង់ទស្សនាវិមានឈ្នះឈ្នះ នឹងបង្ហាញឱ្យឃើញបន្ថែមក្នុងទម្រង់សង្ខេប។ ដូច្នេះនៅក្នុងនោះ គឺមានជាផែនទី ខ្សែវីដេអូ កូនសៀភៅជាមូលដ្ឋានគ្រឹះ ការតាំងវត្ថុ អនុស្សាវរីយ៍ រួមទាំងសម្ភារមួយចំនួន ដែលជាតួនាទីរបស់អគារពិជ័យសេនា។

សម្តេចពិជ័សេនា ទៀ បាញ់ បានលើកឡើងថា អគារនេះ ក៏ត្រូវបានចាត់ទុកថា ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ក្នុងចំណោមសមិទ្ធផលសំខាន់ៗដទៃផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរក្សាបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តារុញច្រានដ៏ចម្បងដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងអន្តរជាតិ ហើយបានប្រែក្លាយជីវភាពរស់នៅ របស់ប្រជាជនចាកចេញពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម៕