(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានអញ្ជើញមកដល់ប្រទេសជប៉ុនហើយនៅល្ងាចថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួនបីថ្ងៃ ក្នុងគោលបំណងសំដៅពង្រឹងទំនាក់ទំនងការទូត និងធ្វើការបញ្ជាក់សារជាថ្មីនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងទីក្រុងម៉ានីលនិងទីក្រុងតូក្យូ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី រវាងលោកនិងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីហ្សូ អាបេ។ នេះបើតាមការចេញសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក រ៉ូឌ្រីហ្គោ ឌូធើតេ មកកាន់ប្រទេសជប៉ុននៅក្នុងឋានៈជាប្រធានាធិបតី ប៉ុន្តែជំនួបរវាងលោក ឌូធើតេ និងលោក អាបេ គឺជាលើកទីពីរហើយ ព្រោះថាមេដឹកនាំទាំងពីររូបបានជួបគ្នាម្តងរួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលបានប្រារព្ធឡើងនៅឯទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ កាលពីថ្ងៃទី០៩ ខែកញ្ញាកន្លងទៅនេះ។
បន្ទាប់ពីបានមកដល់ប្រទេសជប៉ុន នៅថ្ងៃពុធស្អែក លោក ឌូធើតេ នឹងចូលរួមវេទិកាស្តីពីសេដ្ឋកិច្ចហ្វីលីពីន ព្រមទាំងចូលជួបពិភាក្សាទ្វេភាគីជាមួយនឹងលោក ស៊ីហ្សូ អាបេ នៅវេលារសៀល បន្ទាប់ពីលោកទាំងពីរចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ។
ចំណែកឯនៅថ្ងៃព្រហស្បតិ៍ អគ្គនាយកអង្គការ JICA លោក Shinichi Kitaoka និងម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មធំៗផ្សេងៗទៀតរបស់ប្រទេសជប៉ុន នឹងចូលជួប សម្តែងការគួរសមជាមួយលោក រ៉ូឌ្រីហ្គោ ឌូធើតេផងដែរ ហើយជាចុងបញ្ចប់លោកប្រធានាធិបតីហ្វីលីន នឹងចូលជួបសម្តែងការគួរសមជាមួយនឹងអធិរាជជប៉ុន អាគីហ៊ីតូ នៅវិមានអធិវាជ មុននឹងធ្វើដំណើរត្រឡប់ទៅកាន់មាតុប្រទេសវិញ តាមអាកាសយានដ្ឋានអន្តរជាតិដាវាវ៕