(កោះកុង)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកោះកុង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ រយៈពេល៩ខែ ឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ដ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ក្រុមការងារថ្នាក់ជាតិខេត្ត អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាល ប្រធានក្រុមប្រឹក្សា ក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក អាវុធហត្ថក្រុង-ស្រុក សង្កាត់-ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ ជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនោះ បានពិភាក្សាលើការងារ និងបន្តដោះស្រាយបញ្ហាសេសសល់មួយចំនួនដូចជា ទី១-ការងារអនាម័យបរិស្ថានក្នុងទីរួមក្រុង និងទីប្រជុំស្រុក ទី២-ការដោះស្រាយជម្លោះដីធី្លក្នុងមូលដ្ឋាន ទី៣-ការផ្តល់អត្តញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូ ទី៤-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទី៥-បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋទី៦-បញ្ហាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសបញ្ហាគ្រឿងញៀន និងទី៧-បណ្តាញផ្លូវលំជនបទមួយចំនួនក្នុងភូមិ នៃឃុំ-សង្កាត់ មានការខូចខាត៕