(ឧត្តរមានជ័យ)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមផ្សព្វផ្សាយពីតួនាទី និងអត្ថប្រយោជន៍របស់សភាពាណិជ្ជកម្ម នៅមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ ដែលពិធីនេះមានការចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជីវករជាច្រើនរូបផងដែរ។

លោក ព្រឿង ប្រសិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តឧត្ដរមានជ័យ បានថ្លែងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម ដែលជាប់ពន្ធលើប្រាក់ចំណេញដោយចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ក្នុងខេត្តសរុបបានចំនួន៥៥ច្បាប់ ក្នុងនោះ (សហគ្រាស៤៤ច្បាប់ ក្រុមហ៊ុន ៥ច្បាប់ សាខាក្រុមហ៊ុន៦ច្បាប់) បើប្រៀបធៀបទៅនឹងរយះពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៩១ច្បាប់ មានការថយចុះចំនួន៣៦ច្បាប់ ស្មើនឹង ៣៩.៥៦% (សរុបទូរទាំងខេត្តមានក្រុមហ៊ុន/សហគ្រាសចំនួន៤៤៧)។

លោកប្រធានមន្ទីរថា ផ្អែកតាមរយៈការចុះប្រមូលទិន្នន័យ ក្រុមហ៊ុន សហគ្រាស ដែលចាប់អារម្មណ៍ឈឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្ម សង្កេតឃើញថាមានក្រុមហ៊ុន សហគ្រាសចំនួន២៩ ដែលមានចំណាប់អារម្មណ៍ក្នុងការឈរ ឈ្មោះក្នុងនោះរួមមាន៖

*វិស័យសំណង់មានចំនួន៦
*វិស័យអចលនទ្រព្យមានចំនួន២
*វិស័យកសិកម្មមានចំនួន៥
*សិប្បកម្មមានចំនួន៦
*ក្រុមហ៊ុនអារហ័ណនីរហ័ណមានចំនួន១០។

លោក ម៉ៅ ថូរ៉ា បានថ្លែងថា បច្ចុប្បន្នការធ្វើធុរកិច្ចពាណិជ្ជកម្ម មានការផ្លាស់ប្តូរ ដូចនេះទាមទាឱ្យអាជីវករពាណិជ្ជករយើង មានការយល់ច្បាស់ និងអនុវត្តទៅតាមគោលការណ៍ ដែលបានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ យើងទាំងអស់គ្នាក្នុងការធ្វើធុរកិច្ច។

លោកថ្លែងបញ្ជាក់ថា សភាពាណិជ្ជកម្មមណ្ឌលខេត្តឧត្តរមានជ័យ ត្រូវបានបំបែកចេញពីសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដោយអនុក្រឹតលេខ៧៧អនក្រ.បក របស់រាជ រដ្ឋាភិបាលចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នឹងកំពុងកៀរគរសមាជិក ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ សេវាករ ដែលមានការចាប់អារម្មណ៍ក្នុងការចូលរួមឈរឈ្មោះជាសមាជិក ជ្រើសតាំង និងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ នៃការចូលជាសមាជិក សភាពាណិជ្ជកម្មផងដែរ ពិសេសបានកត់សម្គាល់នូវតួនាទីដ៏សំខាន់នៃវិស័យពាណិជ្ជកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ស្ដង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការថ្លឺងទៀតថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគីមួយចំនួន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូចជាចូលរួមជាសមាជិកនៃការចរចាស្ដីពីកិច្ចសម្រួលវិនិយោគម្រាប់ការអភិវឌ្ឍ និងការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ដោយរំពឹងថាការងារនេះនឹងជួយដល់ការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា និងសម្រួលដល់លំហូរពាណិជ្ជកម្មទំនិញ បន្ថែមពីនេះទៀត កម្ពុជាក៏បានចូលរួមយ៉ាងសកម្មដល់ការធ្វើឱ្យប្រសើរឡើងនៃដំណើរការពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ៕