(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានប្រកាសថា រាល់ការព្យាបាល និងពិនិត្យ អេកូសាស្រ្ត ថតរស្មីអ៊ិច ជំងឺទូទៅដល់យោធិនទាំងពីររូប គឺនឹងមិនតម្រូវឲ្យគិតកម្រៃជាដាច់ខាត លើកលែងតែជំងឺធ្ងន់ធ្ងរហើយមានការខ្វះខាតឈាមអ្វីជាដើម។
ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានមានប្រសាសន៍ថា ការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំជំនាន់មុន បានធ្វើឲ្យមន្ទីរពេទ្យព្រះកេតុមាលាមានការអភិវឌ្ឍជាបន្តបន្ទាប់ លើផ្នែកធនធានមនុស្ស ការសាងសង់ អាគារព្យាបាល និងបំពាក់ឧបករណ៍សម្ភារៈទំនើបៗជាច្រើន។ លោកបានបន្តថា ក្នុងឆ្នាំ២០២៤នេះ លោក ម៉ឹង ពន្លក ក៏ដូចជានាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់អនុសាសន៍ ដើម្បីជំរុញការអភិវឌ្ឍមន្ទីរពេទ្យព្រះកេតុមាលា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយបានធ្វើនូវសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះកេតុមាលា ជាមួយមន្ទីរពេទ្យយោធា ១៧៥កងទ័ព ប្រជាជនវៀតណាម និងជាមួយសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កងទ័ពជើងទឹក កងទ័ពរំដោះប្រជាជនចិននៅសៀងហៃ។
លោកនាយកមន្ទីរពេទ្យ បានបន្ថែមទៀតថា «ចំពោះភារកិច្ចសង្រ្គោះព្យាបាលយោធិនទាំងពីរភេទ ដោយឈរលើគោលនយោបាយមិនយកកម្រៃព្យាបាលនិងសេវាផ្សេងៗ ដូចជាការមកពិនិត្យជំងឺ ថត អេកូសាស្រ្ត ថតកម្មរស្មីអ៊ិច ស៊ីធីស្កែន ព្យាបាលជំងឺគ្រប់ប្រភេទមួយចំនួន ឬពិនិត្យសុខភាពសិក្ខាកាមទៅរៀននៅបរទេស និងកងទ័ពដែលទៅចូលរួមរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិជាដើមនោះ គឺមន្ទីរពេទ្យមិនបានគិតកម្រៃអ្វីនោះឡើយ»។
ជាមួយគ្នានេះ លោក បានគូសបញ្ជាក់ថា ដោយឡែកជំងឺបេះដូងធ្ងន់ធ្ងរ វះកាត់តសរសៃឈាមបេះដូង ដូរ ប្រេសបេះដូង វះកាត់ខួរក្បាល វះកាត់ឆ្អឹងខ្នង ជំងឺខ្សោយតម្រងនោមដែលត្រូវលាងឈាម ជំងឺសង្រ្គោះICU នោះនៅមន្ទីរពេទ្យមានការខ្វះខាតឈាម ខ្វះខាតសារ៉ូមជាតិសាច់ ខ្វះខាតសម្ភារៈនោះ គឺមានការចូលរួមពីសំណាក់ក្រុមគ្រួសារ ដើម្បីជួយមន្ទីរពេទ្យក្នុងការជួយសង្រ្គោះព្យាបាលជំងឺឲ្យទាន់ពេលវេលា។
បើតាមក្រសួងសុខាភិបាល កន្លងមកក៏បានណែនាំដល់អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវីនៅពេលមានជំងឺ ដោយមិនត្រូវគិតកម្រៃផងដែរ ដោយថ្លៃសេវានៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ ដែលស្ថិតក្រោមការចំណាយរបស់អង្គភាពសុខាភិបាលសាធារណៈ៕